ភ្នំពេញ ៖ រយៈពេល៣ថ្ងៃមកនេះ ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ ការបង្ការទប់ស្កាត់បទល្មើសផ្សេងៗក៏ត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់។
លោកវរសេនីយ៍ សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះថា ក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ដោយគិតចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញមានស្ថានភាពល្អ មិនមានបាតុភាពអ្វីគួរឲ្យកត់សម្គាល់កើតឡើងនោះទេ កម្លាំងគ្រប់ផ្នែកទាំងអស់បានចេញតាមផែនការ ជាពិសេសកម្លាំងអន្តរាគមន៍ ទាំងកម្លាំងការិយាល័យជំនាញ ខណ្ឌ ប៉ុស្តិ៍ គឺបានចេញល្បាតជាប្រចាំ ដើម្បីរក្សាការពារឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។
ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាមឆ្នាំនេះ នៅរាជធានីភ្នំពេញមានប្រជាពលរដ្ឋមួយចំនួនបានចាកចេញទៅកាន់បណ្ដាខេត្ត និងរម្មណីយដ្ឋាននានា រីឯអាជីវកម្មដ្ឋានដែលម្ចាស់ជាប់ខ្សែស្រឡាយក៏ផ្អាកអាជីវកម្មផងដែរ ទាំងនេះហើយដែលសមត្ថកិច្ចបានរៀបចំផែនការ និងល្បាតទប់ស្កាត់បទល្មើសនានា ដែលសរុបជារួម គឺស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា





