
ភ្នំពេញ៖ តួលេខគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស សម្រាប់រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនាឆ្នាំ២០២៣នេះ បានបង្ហាញឲ្យដឹងថា មានមនុស្ស ១៨នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាល ៦៥នាក់។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញឲ្យដឹងថា រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនាឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្ដាលឲ្យមានមនុស្ស ១៨នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល ៦៥នាក់។ របាយការណ៍បង្ហាញថា នៅថ្ងៃសែនចូលឆ្នាំចិនថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។ ចំពោះនៅថ្ងៃចូលឆ្នាំចិនទី១ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មានមនុស្សស្លាប់ចំនួន ៥នាក់ របួសធ្ងន់ស្រាលចំនួន ៣៣នាក់ និងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៥លើក បណ្តាលឲ្យមនុស្សចំនួន ១០នាក់ស្លាប់ និងរបួសចំនួន ១៨នាក់។ នេះបើតាមតួលេខគ្រោះថ្នាក់ចរាចរណ៍គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៣ ខែមករានេះ។របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ គឺមានកត្តាល្បឿន វ៉ាជែង និងអ្នកបើកបរខ្លះមានស្ថានភាពស្រវឹង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



