ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូកាកបាទក្រហមហ្វាំងឡង់ដឹកនាំដោយលោកស្រី Sari Autioមន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវិធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ (ឆ្នាំ២០២២-ឆ្នាំ២០២៥)។
ក្នុងជំនួបនោះលោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៩០។ លោកជំទាវបានឱ្យដឹងទៀតថា យោងមតិសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២២គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានយល់ព្រមឱ្យកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋានដែលឧបត្ថម្ភដោយ IFRC និង DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ បន្តជួយដល់កាកបាទក្រហមកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំថែមទៀតគឺចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៥ដោយធ្វើសកម្មភាពមនុស្សធម៌នៅតាមបណ្ដាខេត្តមួយចំនួនរួមមានខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងប៉ៃលិនជាដើម។ កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែកសំខាន់ៗមានដូចជា១. ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត, ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ និង៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍន៍សាខា/អនុសាខាក្នុងខេត្តគោលដៅ កសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។
លោកជំទាវអគ្គលេខាធិការបានបន្តថា កាកបាទក្រហមកម្ពុជា បានរៀបចំទម្រង់ហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សា និងពិនិត្យរួមគ្នាអំពីផែនការថវិកា និងផែនការសម្រាប់អនុវត្តកម្មវិធីនេះឲ្យបានគត់មត់ ដោយឆ្នាំ២០២៣នេះដែរ កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអាស៊ានលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
លោកជំទាវឱ្យដឹងទៀតថាក្នុងសប្តាហ៍នេះដែរ កាកបាទក្រហមកម្ពុជា ក៏មានវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី«យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន(YABC ToT)» និងវគ្គបណ្ដុះបណ្ដាល មិត្តអប់រំមិត្តស្ដីពី«យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន(YABC ToPE)»។ នៅខេត្តសៀមរាបក្នុងខែកុម្ភៈ ហើយសប្តាហ៍ក្រោយនេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា និងប្រគល់សម្ភារជូនសាខាគោលដៅចំនួន៤ សម្រាប់អនុវត្តកម្មវិធីនេះ។
លោកស្រី Sari Autioបានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជាដែលបានជួបពិភាក្សាអំពីការងារនេះបន្ត និងមានសេចក្តីរីករាយ ដែលបានសហការជាមួយកាកបាទក្រហកម្ពុជា និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗរបស់កាកបាទក្រហមហ្វាំងឡង់ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ៕ ដោយ ៖ សំ ងីម








