ភ្នំពរញ៖ បើករថយន្តក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ខណៈដល់ចំណុចផ្លូវបំបែកជាបួន មិនបន្ថយល្បឿន បណ្ដាលឲ្យរថយន្តបុកគ្នាយ៉ាងពេញទំហឹងមួយគ្រឿងក្រឡាប់តែសំណាងល្អមិនមានអ្នករបួសឡើយ ក្នុងហេតុការណ៍នេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួន ផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក អាល់ហ្វាត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-4061 បើកបរតាមបណ្តោយផ្លូវលេខ១១៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្តហាយឡេនដឺមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-5827 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៨ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មិនប្រយ័ត្នក៏បានបុករថយន្តអាល់ហ្វាតពេញទំហឹង បណ្តាលដោយអាល់ហ្វាតក្រឡាប់ ។ ចំណែករថយន្តហាយឡេនដឺ មិនទាន់អស់ល្បឿន បានបុកបង្គោលស្លាកលេខផ្លូវ បណ្តាលឲ្យខូចខាតផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ អត្ថបទ៖ កុម្ភៈ




