បាល់ទាត់៖ ប្រធានក្លិប Real Madrid លោក Florentino Perez បានអោយដឹងថា European Super League មិនទាន់ចប់ទេ គ្រាន់តែផ្អាកសិនប៉ុណ្ណោះ ទោះបីក្លិបចំនួន ៩ បានដកខ្លួនក៏ដោយ។

បន្ទាប់ពីការប្រកាសនៃការបង្កើតពាន European Super League នេះឡើងកាលពីថ្ងៃអាទិត្យ ការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានទូទៅ បូករួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ផងដែរនោះធ្វើអោយក្លិបធំៗអង់គ្លេសទាំង ៦ ដែលជាសមាជិកបានប្រកាសដកខ្លួនវិញ។ ក្រោយមកក្លិបអេស្ប៉ាញ Atletico Madrid, ក្លិបអ៊ីតាលី AC Milan និង Inter Milan ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការពីការដកខ្លួនវិញ។ មកដល់ពេលនេះនៅសល់តែ Real Madrid, Barcelona និង Juventus ប៉ុណ្ណោះដែលមិនទាន់ដកខ្លួន ទោះបីប្រធានក្លិប Juventus លោក Andrea Agnelli បាននិយាយថា គំរោងនេះមិនអាចទៅរួចក៏ដោយ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអេស្ប៉ាញ El Larguero លោក Florentino Perez ដែលជាប្រធាន ESL នេះបាននិយាយថា អ្វីមិនទាន់បញ្ចប់នៅឡើយទេ។ ក្លិបដែលដកខ្លួនទាំងនោះមិនអាចចាកចេញបែបនេះទេ ពួកគេសុទ្ធតែបានចងដោយកិច្ចសន្យាទាំងអស់។
លោក Perez ដែលធ្លាប់និយាយថា ការបង្កើតពាន Super League នេះឡើងដើម្បីសង្គ្រោះបាល់ទាត់នោះបាននិយាយទៀតថា អ្វីៗហាកក្រឡាប់ចាក់លឿនបែបនេះ ប្រហែលជាពួកយើងពន្យល់មិនច្បាស់លាស់ តែពួកគេ (UEFA) ក៏មិនបានផ្តល់ឱកាសអោយពួកយើងពន្យល់ដែរ។ បុរសវ័យ ៧៤ឆ្នាំរូបនេះបាននិយាយថា ដោយសារតែវិបត្តិនៃមេរោគរាតត្បាត បានធ្វើអោយក្លិបធំៗខាតសម្បើមណាស់ក្នុងមួយឆ្នាំៗ ដែលវាជាមូលហេតុចំបងក្នុងការបង្កើតពាននេះឡើង៕
អត្ថបទ៖នាង សុភាវុធ