ស៊ីហ្គេម៖ កម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករាស្អែកនេះនឹងត្រូវរៀបចំឲ្យបានហ្មត់ចត់ ប្រកបដោយភាពឱឡារិក និងមានអត្ថន័យបំផុត ដើម្បីបំផុសស្មារតីគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ និងបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៃការរៀបចំកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអនុប្រធានអចិន្ដ្រៃយ៍ឯកឧត្ដមបណ្ឌិត ថោង ខុន បានជំរុញឲ្យគណៈកម្មការជំរុញយកចិត្តទុកដាក់ខ្ពស់លើការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដើម្បីបំផុសការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ជាមួយទស្សនីយភាពវប្បធម៌ សិល្បៈ តន្ដ្រី និងកីឡាផងដែរ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រជាពលរដ្ឋអាចចូលរួមទស្សនាបានដោយសេរី។
គួរដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករារហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គឺនៅសល់រយៈពេល ១០០ថ្ងៃគត់ សម្រាប់កម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនេះ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ដំណាលគ្នានឹងការរៀបចំនូវពិធីរាប់ថយក្រោយនេះដែរ កម្ពុជាក្នុងនាមម្ចាស់ផ្ទះក៏នឹងដឹកនាំកិច្ចប្រជុំនាយបេសកកម្ម ជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីជូនដំណឹង និងផ្ដល់ព័ត៌មានលម្អិត ពិសេសពាក់ព័ន្ធនឹងការត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិទាំងអស់តែម្ដង៕
អត្ថបទ៖ លី ឈុនឡា