សីដក់៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បាននឹងកំពុងជំរុញក្រុមជម្រើសជាតិរបស់ខ្លួនទាំងបុរស និងនារីពង្រឹងការហ្វឹកហាត់លើគ្រប់វិញ្ញាសា ដែលវៀតណាមបានកំណត់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាចុងឆ្នាំ២០២១ នេះ តែចំពោះការចូលរួមបានប៉ុន្មានវិញ្ញាសាគឺអាស្រ័យលើម្ចាស់ផ្ទះ និងក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមការបញ្ជាក់របស់កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្ដីទីសហព័ន្ធ។
កញ្ញា សួង ចាន់តូរ៉ាទី បានបញ្ជាក់ថា សម្រាប់កីឡាសីដក់ វៀតណាមបានដាក់វិញ្ញាសាចំនួន ៨ ក្នុងនោះបុរសមាន ៤វិញ្ញាសា និងនារីមាន ៤វិញ្ញាសា ហើយកម្ពុជាបានពង្រឹងការហ្វឹកហាត់គ្រប់វិញ្ញាសា។ ប៉ុន្តែជាបណ្ដោះអាសន្នពេលនេះវៀតណាមមិនទាន់កំណត់ថា ក្រុមភ្ញៀវទាំងអស់រួមទាំងកម្ពុជា នឹងចូលរួមបានប៉ុន្មានវិញ្ញាសានោះទេ។ ម្យ៉ាងក្រោយម្ចាស់ផ្ទះសម្រេចហើយ ក៏ត្រូវឆ្លងកាត់ការសម្រេចបញ្ជូន ឬអត់ពីក្រសួងអប់រំដែរ។ ប៉ុន្ដែយ៉ាងណាក្រុមសីដក់ជម្រើសជាតិកម្ពុជា បាននឹងកំពុងសម្រុកហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត ពិសេសអំឡុងពេលវិធានការបិទខ្ទប់នេះ ពួកគេបានធ្វើការហ្វឹកហាត់តាម Online នៅតាមផ្ទះរៀងៗខ្លួនដើម្បីពង្រឹងសមត្ថភាពលើគ្រប់វិញ្ញាសា ក្នុងន័យធានាបាននូវការត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមប្រកួត និងដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា សីដក់គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ក្នុងចំណោមកីឡាសក្ដានុពលផ្សេងទៀត ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្តបន្ទាប់ ទោះបីពេលខ្លះមានបញ្ហាទីលានហ្វឹកហាត់ក៏ដោយ ជាក់ស្ដែងស៊ីហ្គេមលើកចុងក្រោយនៅហ្វីលីពីនកាលពីឆ្នាំ២០១៩ កន្លងទៅ ក្រុមសីដក់ជម្រើសជាតិកម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាក្រុមផងដែរ៕
អត្ថបទ៖ លី ឈុនឡា