វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic មិនធ្វើការធ្ងន់ឡើយដើម្បីបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយដោយបានយកឈ្នះកីឡាករក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអូស្ត្រាលី Alex de Minaur នៅ Grand Slam, Australian Open។

កីឡាករវ័យ ៣៥ឆ្នាំដែលនៅតែមានបញ្ហារបួសភ្លៅរបស់ខ្លួននៅឡើយ មិនបានបង្ហាញពីការរំខានដោយសាររបួសអ្វីឡើយ ផ្ទុយទៅវិញបែជាយកឈ្នះ Alex de Minaur មិនលំបាក ៣សិតផ្ទួនៗ ៦-២ ៦-១ និង ៦-២។ អតីតកីឡាករលំដាប់លេខ ១ ពិភពលោករូបនេះនឹងបន្តដំណើរស្វែងរកពាន Australian Open ជាកំណត់ត្រា ១០លើកដោយនឹងត្រូវជួបជាមួយកីឡាកររុស្ស៊ី Ruben Rublev នៅវគ្គ ៨នាក់ចុងក្រោយ។ Ruben Rublev បន្តឡើងវគ្គ ៨នាក់ចុងក្រោយបន្ទាប់ពីសង្គ្រោះពិន្ទុ Match Point ពីរលើករបស់កីឡាករដាណឹម៉ាក Holger Rune ពីការនាំមុខ ៥-០ នៅសិតកាត់សេចក្តីរហូតយកឈ្នះវិញ ៧-៦(១១-៩) មិនគួរឱ្យជឿ។ បន្ទាប់ពីបានដឹងថា ត្រូវជួបជាមួយ Djokovic នៅវគ្គ ៨នាក់ចុងក្រោយ Rublev និយាយថា គ្មាននរណាចង់ជួប Djokovic ឡើយ។
ងាកមកលទ្ធផលផ្សេងទៀត កីឡាករអាមេរិក Ben Shelton បន្តក្តីស្រមៃរបស់ខ្លួនក្រោយយកឈ្នះមិត្តរួមជាតិ JJ Wolf ដោយលទ្ធផលតានតឹង ៥សិត ៦-៧(៥-៧) ៦-២ ៦-៧(៤-៧) ៧-៦(៧-៤) និង ៦-២។ កីឡាករវ័យ ២០ឆ្នាំ Ben Shelton ដែលត្រូវជាកូនប្រុសបង្កើតរបស់ Bryan Shenton ទើបតែបង្ហាញខ្លួនលើកទី២ ប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍ Grand Slam។ កីឡាករជំនាញដៃឆ្វេងរូបនេះមានចំណាត់ថ្នាក់ពិភពលោកលេខ ៥៦៩ កាលពីឆ្នាំមុន តែនៅពេលនេះឈរលេខ ៨៩។ ជុំបន្ត Ben Shelton នឹងត្រូវជួបជាមួយមិត្តរួមជាតិអាមេរិកម្នាក់ទៀតគឺ Tommy Paul ដែលបានយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut ៦-២ ៤-៦ ៦-២ និង ៧-៥៕
អត្ថបទ៖នាង សុភាវុធ