ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹក និងណែនាំ មន្ត្រីថ្នាក់ដឹកនាំនគរបាល នៅតាមអង្គភាពនីមួយៗ ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវធ្វើខ្លួនជាគំ រូល្អដល់មន្ត្រីក្រោមឱវាទ ។
ក្នុងពិធីផ្ទេរ និងប្រកាសតែងតាំងចូលកាន់មុខដំណែង នៃមន្ត្រីអគ្គស្នងការនគរបាលជាតិ នៅ រសៀលថ្ងៃទី២៣ ខែមករា នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានធ្វើការណែនាំដល់ថ្នាក់ ដឹកនាំនគរបាលតាមអង្គភាព ត្រូវយកចិត្តទុកដាក់ដឹកនាំកងកម្លាំងដោយប្រកាន់ខ្ជាប់នូវគុណធម៌ មានតម្លាភាពគណនេយ្យភាពចំពោះកងកម្លាំង ចេះសណ្ដោសប្រណី អប់រំ ថែរក្សាសុខភាព ហើយត្រូវមាន ភាពច្បាស់លាស់ និងម៉ឺងម៉ាត់ ។
អគ្គស្នងការនគរបាលជាតិ បានបន្តថា ថ្នាក់ដឹកនាំនគរបាល ត្រូវចៀសវាងការធ្វើអំពើមិនគប្បី ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ជាពិសេសមិនត្រូវកិបកេងនូវប្រាក់ ឬជំនួយ ដែលជារបបរបស់កងកម្លាំង ដែលនេះជាបំរាមដាច់ខាត មិនត្រូវកើតមានឡើងនោះទេ ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបន្ថែមថា ត្រូវខិតខំរក្សាអង្គភាព លើកកម្ពស់ស្មារតីសាមគ្គីភាព ត្រូវកសាងសាមគ្គីភាពផ្ទៃទាំងខាងក្នុងផង និងខាងក្រៅផង ហើយត្រូវធ្វើជាគំរូដ៏ល្អ ទើបអាចប្រមូល បាននូវបេះដូងរបស់កងកម្លាំង ។
ឧត្តមសេនីយ៍ឯក លាង ភារម្យ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន បានឡើងប្ដេជ្ញាថា នឹងខិតខំការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ បម្រើប្រជាពលរដ្ឋ និងបូរណភាពទឹកដី ។ ប្ដេជ្ញាគោរពនូវតួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួន ខិតខំថែរក្សានូវសាមគ្គីភាពផ្ទៃក្នុង ក្នុងនាមជាគ្រួសាររបស់កងកម្លាំងនគរបាលជាតិ និងបន្តខិតខំបម្រើការងារ ក្នុងតួនាទីថ្មីនេះ ៕អត្ថបទ៖ បាន សុខរិទ្ធិ