មីយ៉ាន់ម៉ា៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋជិត ៣.៤លាននាក់បន្ថែមទៀតនៅសហភាពមីយ៉ាន់ម៉ា នឹងធ្លាក់ក្នុងស្ថានភាពអត់ឃ្លាននៅក្នុងរយៈពេល ៦ខែក្រោយ ជាពិសេសនៅតាមតំបន់ជាយក្រុង។

WFP បានចេញការប៉ាន់ប្រមាណរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយពួកគេអះអាងថា ពួកគេនឹងចុះប្រតិបត្តិការជំនួយស្បៀងអាហារថ្មីនៅក្នុងប្រទេសមួយនេះ។ អង្គការមួយនេះបន្តថា ជាមួយនឹងផលប៉ះពាល់កើនឡើងត្រីដង នៃគ្រោះទុរ្ភិក្សមានស្រាប់កាលពីមុនជំងឺ COVID-19 និងវិបត្តិនយោបាយបច្ចុប្បន្ន ភាពអត់ឃ្លាននឹងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងសហភាពមីយ៉ាន់ម៉ា។ ប្រជាជនភាគច្រើននៅក្នុងប្រទេសមួយនេះ បានបាត់បង់ការងារធ្វើ និងប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ។ សេដ្ឋកិច្ចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិធានការបង្ក្រាបយ៉ាងចាស់ដៃពីកងកម្លាំងសន្តិសុខ ទៅលើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ធ្វើឲ្យស្ថានភាពសន្តិសុខនៅក្នុងប្រទេសមួយនេះកាន់តែដុនដាបខ្លាំង ហើយចលនាជនស៊ីវិលធ្វើឲ្យក្រុមកម្មករឈប់ធ្វើការងារ។ ដោយឡែក តម្លៃចំណីអាហារបានហក់ឡើងខ្ពស់ដោយសារការផលិត និងការចែកចាយនៅតែបន្តជាប់គាំង។ WFP បាននិយាយថា តម្លៃជាមធ្យមនៃស្រូវអង្ករបានកើនឡើង ៥% នៅទូទាំងសហភាពមីយ៉ាន់ម៉ា ខណៈដែលប្រេងឆាបានកើនឡើងដល់ ១៨% ចាប់តាំងពីខែកុម្ភៈរហូតមក។
WFP បាននិយាយទៀតថា ពួកគេត្រូវការជំនួយបន្ទាន់ ១០៦លានដុល្លារ ស្របពេលដែលចំនួនពលរដ្ឋដែលនឹងជួយកើនឡើងត្រីដង ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ កើនឡើងពី ១.៣លានដុល្លារដល់ ៣.៣លានដុល្លារ។ លោក ស្តេហ្វិន អាន់ដឺសុន ប្រធាន WFP ប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយប្រាប់សារព័ត៌មានថា ដើម្បីការពារវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំនៅនឹងមុខរបស់ពួកយើង ពួកយើងត្រូវតែពន្លឿនកិច្ចសហប្រតិបត្តិការ។ ពួកយើងសូមធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តឈរខាងប្រជាពលរដ្ឋសហភាពមីយ៉ាន់ម៉ា៕
អត្ថបទ៖ សារ៉ាត់