វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ប៉ូឡូញ Magda Linette បានឈានឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam លើកដំបូងក្នុងវ័យ ៣០ឆ្នាំក្រោយជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលលើកីឡាការិនីលំដាប់លេខ៤ Caroline Garcia នៅ Australian Open។
បច្ចុប្បន្នឈរលេខ ៤៥ ពិភពលោក Magda Linette បានយកឈ្នះកីឡាការិនីបារាំង Caroline Garcia ដោយលទ្ធផល ៧-៦(៧-៣) និង ៦-៤។ Magda Linette បាននិយាយថា នាងមិនជឿខ្លួនឯឡើយនូវអ្វីដែលបានកើតឡើងនៅពេលនេះ។ កីឡាការិនីវ័យ ៣០ឆ្នាំដែលមានកំណត់ត្រាផ្ទាល់ខ្លួនឡើងបានត្រឹមជុំទី៣ Grand Slam នោះនឹងបន្តដំណើរប្រកួត ដើម្បីកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយនឹងត្រូវជួបជាមួយកីឡាការិនី Karolina Pliskova។ កីឡាការិនីឆេក Karolina Pliskova បានយកឈ្នះកីឡាការិនីចិន Zhang Shuai ដោយលទ្ធផល ៦-០ និង ៦-៤ ដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam លើកទី ១១ ក្នុងអាជីព និងជាលើកទី៤ នៅ Australian Open។
ចំណែកលទ្ធផលផ្សេងទៀត កីឡាការិនីក្រូអាស៊ី Donna Vekic បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយផងដែរក្រោយយកឈ្នះកីឡាការិនីវ័យក្មេងឆែក Linda Fruhvirtova ដោយលទ្ធផល ៦-២ ១-៦ និង ៦-៣។ ក្នុងវ័យ ១៧ឆ្នាំ ២៧៣ថ្ងៃ Linda Fruhvirtova ចង់ក្លាយជាកីឡាការិនីវ័យក្មេងបំផុតដែលឡើងវគ្គ ៨នាក់ចុងក្រោយ Australian Open ក្នុងរយៈពេល ២៥ឆ្នាំបន្ទាប់ពី Martina Hingis វ័យ ១៧ឆ្នាំ ១២៤ថ្ងៃ និង Venus Williams ១៧ឆ្នាំ ២២៩ថ្ងៃដោយអ្នកទាំងពីរធ្វើបានបែបនេះកាលពីឆ្នាំ១៩៩៨៕
អត្ថបទ៖នាង សុភាវុធ