ភ្នំពេញ៖ លោក អូលីវៀ បិច Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរថ្ងៃ ២៤-២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងបារាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបានផ្ញើឱ្យទូរទស្សន៍BTV នាថ្ងៃទី២៤ ខែមករានេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា លោក អូលីវេ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងដំណើរទស្សនិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូនឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន៥ ០០០នាក់ដែលកំពុងរស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។
លោករដ្ឋមន្ត្រីប្រតិភូនឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញនូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តិទៅក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះលោក អូលីវៀ នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុបផងដែរ។
ដោយឡែកនៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង៕អត្ថបទ៖ បាន ចក់
