អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីបែងចែកប្រាក់ ៥០០លានអឺរ៉ូទៀតសម្រាប់ជំនួយយោធានៅអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើមន្ត្រី និងអង្គការអ៊ីរ៉ង់ជាង ៣០ ដែលត្រូវបានដាក់កំហុសចំពោះការបង្ក្រាបដ៏ឃោរឃៅលើក្រុមបាតុករ។
កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយលើកទីប្រាំពីរដល់អ៊ុយក្រែន បានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបរាជ័យកាលពីសប្តាហ៍មុន ក្នុងការព្រមព្រៀងលើការបញ្ជូនរថក្រោះប្រយុទ្ធទៅកាន់ទីក្រុង Kyiv ប៉ុន្តែបានសន្យាផ្តល់ការគាំទ្រជំនួយរាប់ពាន់លានដុល្លារ។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា រដ្ឋមន្ត្រីការបរទេសបានអនុម័តកញ្ចប់ជំនួយ ៥០០លានអឺរ៉ូរួមជាមួយនឹង ៤៥លានបន្ថែមទៀតសម្រាប់ឧបករណ៍ និងសម្រាប់បេសកកម្មហ្វឹកហ្វឺនយោធារបស់សហភាពអឺរ៉ុបផ្តល់ឲ្យអ៊ុយក្រែន។ លោកនិយាយថា អាល្លឺម៉ង់បានបញ្ជាក់ក្នុងអំឡុងកិច្ចប្រជុំថា ខ្លួននឹងមិនហាមឃាត់ប្រទេសដែលទិញរថក្រោះ Leopard របស់ខ្លួនដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែនឡើយ។
រថក្រោះ Leopard របស់អាល្លឺម៉ង់ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា សាកសមបំផុតសម្រាប់អ៊ុយក្រែន ប៉ុន្តែទីក្រុងប៊ែកឡាំងត្រូវតែអនុញ្ញាតឱ្យលក់ ប៉ុន្តែប្រទេសពុំទាន់សម្រេចឲ្យធ្វើដូច្នេះនៅឡើយ។ លើបញ្ហាប្រទេសអ៊ីរ៉ង់ លោក Borrell បាននិយាយថា ទណ្ឌកម្មនឹងកំណត់គោលដៅអង្គភាព និងមន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម។ អ្នកដែលជាគោលដៅមិនអាចធ្វើដំណើរទៅសហភាពអឺរ៉ុបបានទេ ហើយទ្រព្យសម្បត្តិដែលពួកគេមាននៅសហភាពអឺរ៉ុបអាចត្រូវបានបង្កក។ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងទីក្រុងតេអេរ៉ង់បានធ្លាក់ចុះក្នុងអំឡុងកិច្ចខិតខំប្រឹងប្រែងដែលជាប់គាំង ក្នុងការស្តារឡើងវិញនូវកិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ៕
អត្ថបទ៖ ប៊ុនថន