
ភ្នំពេញ៖ អ្នកជំនាញផ្នែកដឹកជញ្ជូន មើលឃើញថា នៅដើមឆ្នាំ២០២៣ នេះ ស្ថានភាពការដឹកជញ្ជូនទំនិញក្នុងស្រុក មានសកម្មភាពមមាញឹកឡើងវិញ ជាពិសេសការដោះដូរទំនិញនៅតាមព្រំដែន បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះថា កន្លងមកនេះ ដោយសារការរីករាលជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យដឹកជញ្ជូន និងទូរគមនាគមន៍មានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែនជាដើម បានធ្វើឲ្យតម្លៃសេវាដឹកជញ្ជូនឆ្លងដែន បានហក់ឡើងខ្ពស់ ក្នុងនោះចំពោះវិបត្តិកូវីដ ១៩វិញ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ដោយធ្វើឲ្យកម្ពុជាបង្កើតបានភាពស៊ុំានៅតាមសហគមន៍ ឈានទៅបើកប្រទេស និងបើកដំណើរការគ្រប់អាជីវកម្មឡើងវិញ ដោយមានសកម្មភាពសេដ្ឋកិច្ចកំពុងងើបឡើងជាបន្តបន្ទាប់។
លោក ជា ចាន់ដារ៉ា ថ្លែងឲ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ ការដឹកជញ្ជូនក្នុងស្រុក ឃើញថា មានភាពល្អប្រសើរឡើងវិញ ដោយមានសកម្មភាពមមាញឹកជាងឆ្នាំមុន ជាពិសេសការចរាចរណ៍ទំនិញជាមួយប្រទេសជិតខាង គឺបានដំណើរការដោយរលូន មានការនាំចេញចូលទៅវិញទៅមកជាធម្មតា។ ចំណែកការដឹកជញ្ជូនទៅកាន់ប្រទេសចិន ក៏បានប្រព្រឹត្តិទៅដោយរលូនផងដែរ ស្របពេលកម្ពុជាកំពុងជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ផ្លូវល្បឿនលឿន និងកំពង់ផែជាដើម លោករំពឹងថា នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត នឹងមានការរីកចម្រើនកាន់តែខ្លាំង មិនថាតែវិស័យដឹកជញ្ជូននោះឡើយ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលរំពឹងថា អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ នឹងបន្តកើនឡើង គាំទ្រដោយការបន្តងើបឡើងនៃសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ។
ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវ "ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងនឹងលើកកម្ពស់ការប្រើប្រាស់ទំនិញ និងសេវាឌីជីថលនៅកម្ពុជាកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី