ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អភិបាល នៃគណៈអភិ បាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានឱ្យដឹងថា តាមគម្រោង ផ្លូវដែលតភ្ជាប់ពីបាត់ដំបង ទៅកោះកុង ដែលមានចម្ងាយជិត ២០០គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ឆ្នាំក្រោយ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការសាងសង់ ការធ្វើដំណើរលើផ្លូវនេះពីបាត់ដំបង ទៅកោះកុ ង អាចចំណាយពេលក្នុងរង្វង់ពីរម៉ោង។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះដែរ ឯកឧត្ដម សុខ លូ ក៏បានបង្ហាញនូវគម្រោងអភិវឌ្ឍន៍នានា ជាច្រើននៅក្នុងខេត្តបាត់ដំបង ជាពិសេសគម្រោងប្រែក្លាយក្រុងបាត់ដំបង ទៅជាទីក្រុងវៃឆ្លាត ដើម្បី ទាក់ទាញទេសចរទាំងជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តឱ្យបានកាន់តែច្រើនឡើងថែមទៀត។ ឯក ឧត្ដមបន្ថែមថា បាត់ដំបងក៏ជាខេត្តដែលមានសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ច្រើនដែរ ដោយ មានទាំងសម្បត្តិវប្បធម៌ សំណង់សម័យបារាំង បុរាណដ្ឋានប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ ជាដើម៕ដោយ៖ គង់ ឌិន





