ព្រះសីហនុ៖ ភូមិចំនួន ៥ស្ថិតក្នុងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ត្រូវបានដាក់ជា«តំបន់ក្រហម» ជាតំបន់ដែលផ្ទុះការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ធ្ងន់ធ្ងរប៉ុន្មានថ្ងៃចុងក្រោយនេះ។
ភូមិទាំង៥ដែលត្រូវបានដាក់ក្នុងតំបន់ក្រហម មានភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ ដែលភូមិទាំងអស់នេះសុទ្ធតែក្នុងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ។
ការសម្រេចដាក់ភូមិទាំង៥នេះជា«តំបន់ក្រហម» ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលខេត្តព្រះសីហនុកាលពីថ្ងៃម្សិលមិញនេះ។
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចហាមឃាត់ពលរដ្ឋគ្រប់រូបធ្វើដំណើរចាកចេញពីលំនៅឋាន ឬទីស្នាក់អាស្រ័យបច្ចុប្បន្នរបស់ពួកគេនៅក្នុងតំបន់ក្រហមនោះ លើកលែងតែមូលហេតុបន្ទាន់ខាងសុភាព និងការធ្វើដំណើររបស់មន្ត្រីមានសមត្ថកិច្ចតែប៉ុណ្ណោះ។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានហាមឃាត់ពលរដ្ឋពីតំបន់ផ្សេងក៏មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញចូលតំបន់ក្រហមដែរ លើកលែងតែការធ្វើដំណើររបស់មន្ត្រីមានសមត្ថកិច្ចប៉ុណ្ណោះ។
ចំណែកឯសកម្មភាពការងារ មុខរបរ អាជីវកម្ម ផ្សារ និងកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ក៏ត្រូវបានរដ្ឋបាលខេត្តសម្រេចឱ្យផ្អាកជាបណ្ដោះអាសន្នផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ថា បុគ្គលណាល្មើសនឹងសេចក្ដីសម្រេចនេះ នឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕