ភ្នំពេញ ៖ បទល្មើសឆក់ទ្រព្យនៅតែជាកត្តាប្រឈម និងមានការព្រួយបារម្ភពីសំណាក់បងប្អូនពលរដ្ឋអ្នកដំណើរទូទៅទាំងអស់ ដែលបានធ្វើដំណើរតាមតំរាយដងផ្លូវសាធារណះនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈសកម្មភាពឆក់ ក៏នៅតែបន្តកើតមានជារឿយៗឥតល្ហែររៀងរាល់យប់ថ្ងៃ បើទោះបីជា កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានពង្រាយកម្លាំងរបស់ខ្លួនជាច្រើន ក្នុងការចេញល្បាតពួនស្ទាក់ ដើម្បីការពារ និងត្រៀមទប់ស្កាត់សកម្មភាពការណ៍បទល្មើសនានាកុំអោយកើតមានក៏ដោយ ។
នៅចំណុចទល់មុខវត្តស្ទឹងមានជ័យ ក៏ដូចជាក្រោមស្ពានអាកាសស្ទឹងមានជ័យជាដើម គឺជាទីតាំងដែលក្រុមជនសង្ស័យតែងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់បងប្អូនពលរដ្ឋអ្នកដំណើរ បានសម្រេចជាញឹកញាប់បំផុត បង្កអោយមានជាភាពភ័យខ្លាច និងមានការព្រួយបារម្ភពីសំណាក់ពលរដ្ឋដែលជិះធ្វើដំណើរឆ្លងកាត់តំប់នោះ ខណៈដែលក្រុមមន្ត្រីសមត្ថកិច្ច ហាក់នៅមិនមានវិធានការក្នុងការទប់ស្កាត់លើភាពអសន្តិសុខទាំងនោះ អោយមានប្រសិទ្ធិភាពនៅឡើយទេ ពោលគឺក្រោយការកើតមានរឿងហេតុ បានត្រឹមចុះទៅពិនិត្យទីតាំងកើតហេតុ នឹងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ បើចំពោះការប្រើវិធានការទប់ស្កាត់កុំអោយកើតមានសកម្មភាពបទល្មើសវិញ គឺហាក់នៅមិនទាន់មានផ្លែផ្កាដើម្បីផ្តល់ជាភាពកក់ក្តៅ ដល់ពលរដ្ឋនៅឡើយនោះទេ ។
ជាក់ស្តែង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មានក្រុមជនសង្ស័យមួយក្រុមធំមានគ្នាជាច្រើននាក់ និងជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលមានលុយជាច្រើនលានរៀល និងទ្រព្យសម្បត្តិមួយចំនួន ពីបុរសជាជីវករលក់ដូរម្នាក់បានសម្រេចហើយជិះរត់គេចខ្លួនដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានគ្នា២នាក់ប្តីប្រពន្ធ និងជិះម៉ូតូម្នាក់មួយគ្រឿងផ្សេងគ្នា ដែលពួកគេជាអាជីវករលក់ដូរផ្លែឈើ នៅផ្សារដើមគរ ។
បើតាមប្រភពព័ត៌មាន ពី ស្ត្រីជាប្រពន្ធ អោយដឹងថា នៅមុនពេលកើតហេតុ គឺពួកគាត់ទើបត្រឡប់ពីផ្សារបំណងជិះម៉ូតូទៅផ្ទះវិញ ដោយប្តីរបស់គាត់ជាអ្នកស្ពាយកាបូបលុយ ជិះម៉ូតូនៅខាងមុខ ហើយគាត់ជិះម៉ូតូមួយគ្រឿងទៀតនៅខាងក្រោយ ត្រសងគ្នា ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ និងជិះម៉ូតូជាច្រើនគ្រឿង បានជិះទៅគៀកម៉ូតូជនរងគ្រោះជាប្តី រួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយចំហៀងរបស់គាត់ ហើយជិះរត់គេចតែម្តង ។
ភ្លាមៗនោះ បុរសជាប្តី បានព្យាយាមជិះម៉ូតូដេញតាមក្រុមខាងលើដែរ ប៉ុន្តែក្រុមជនសង្ស័យជិះម៉ូតូលឿនៗពេក ធ្វើអោយរូបគេដេញមិនទាន់ ហើយក្រុមទាំងនោះក៏រត់គេចខ្លួនបាត់ស្រមោលអស់សូន្យឈឹងតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ នឹងបាននាំជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទៅដក់ពាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី១ ផងដែរ ។
តាមការបញ្ជាក់ពី ជនរងគ្រោះជាប្រពន្ធ អោយដឹងថា ៖ ទ្រព្យសម្បត្តិដែលមាននៅក្នុងកាបូបដែលប្តីរបស់គាត់ស្ពាន គឺមានលុយខ្មែរសរុបជាង១០លានរៀល និងទូរស័ព្ទ IPhone 13 pro Max មួយគ្រឿង រួមទាំងឯកសារប៉ុងបញ្ជីរទូទាត់លុយកាក់មួយចំនួនធំទៀតផងដែរ ៕ លីហេង





