ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៦៥៥នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ២២៤នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីសរុបដល់ទៅ ៦៥៤នាក់ សុទ្ធតែឆ្លងមេរោគកូវីដ១៩ ក្រោយពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ១ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញលើពលការិនីកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃមកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែមេសា។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានរកឃើញច្រើនលើសលប់នៅរាជធានីភ្នំពេញដល់ទៅ ៥២២នាក់ បន្ទាប់មកពីគឺខេត្តព្រះសីហនុ ដែលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ១១៣នាក់។
ក្រសួងសុខាភិបាល ឱ្យដឹងទៀតថា ខេត្តកណ្ដាល និងខេត្តតាកែវ រកឃើញ ៥នាក់ដូចគ្នា ហើយបន្ទាប់មកខេត្តកំពង់ចាម និងខេត្តកែប រកឃើញអ្នកឆ្លងថ្មី ៣នាក់ដូចគ្នាដែរ ខណៈដែលខេត្តកំពង់ស្ពឺ មណ្ឌលគិរី ត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី ១នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៨ ៨៤៨នាក់ហើយបានឆ្លងមេរោគកូវីដ១៩ ដែលភាគច្រើនលើសលប់ដល់ទៅ ៨ ៣០១នាក់ ឬប្រហែល ៩៤ភាគរយ បានឆ្លងមេរោគកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាលឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ២២៤នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៣ ១៤៨នាក់ហើយមកដល់ថ្ងៃនេះ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៥ ៦៣៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕