អឺរ៉ុប៖ ប្រជាពលរដ្ឋនៅក្នុងទីក្រុងដេលនីស (Delnice) របស់ប្រទេសក្រូអាត បានស៊ូទ្រាំនឹងការធ្លាក់ព្រិលដែលនៅតែបន្តនៅសប្ដាហ៍នេះ ខណៈព្រិលធ្លាក់ខ្លាំងបានគ្របដណ្ដប់គ្រប់ទីកន្លែងក្លាយជាទីក្រុងពណ៌ស។ ប្រជាពលរដ្ឋបាននិយាយថា ព្រិលធ្លាក់កាន់តែខ្លាំង និងពិបាកក្នុងការសម្អាតដែលមានរហូតដល់កម្រាស់ ២ម៉ែត្រ។

ទីភ្នាក់ងារអាកាសធាតុក្រូអាតបានចេញការព្រមានថា ស្ថានភាពអាកាសធាតុបច្ចុប្បន្នគ្រោះថ្នាក់ណាស់នៅក្នុងតំបន់នេះ ជាទីដែលទីក្រុងមួយនេះលាតសន្ធឹងពីសមុទ្រអាទ្រីយ៉ាទិក (Adriatic sea) ដែលមានធ្លាក់ព្រិល និងទឹកកកទំនងជារំខានដល់ការធ្វើចរាចរណ៍។ កោះដ៏ធំបំផុតម៉ាឡូកា (Mallorca) របស់អេស្ប៉ាញត្រូវបានប៉ះពាល់ ដោយការធ្លាក់ព្រិលដ៏ធំបំផុតក្នុងរយៈពេលជាង ៥ឆ្នាំនៅសប្ដាហ៍នេះ ក្នុងនោះព្រិលបានធ្លាក់កម្រាស់ ៧សង់ទីម៉ែត្រនៅក្នុងតំបន់ហ្វណាលូតស៍ (Fornalutx) និងសីតុណ្ហភាព -2.4អង្សាសេត្រូវបានកត់ត្រានៅក្នុងតំបន់ជួរភ្នំសេរ៉ា ឌឺ ត្រាម៉ុនតាណា។

តំបន់មួយចំនួននៅក្នុងប្រទេសអ៊ីតាលី ក៏កំពុងប្រឈមនឹងការប្រកាសភាពធ្ងន់ធ្ងរនៃអាកាសធាតុផងដែរ ដោយសារតែការធ្លាក់ព្រិល និងសីតុណ្ហភាពចុះត្រជាក់ដូចជានៅតំបន់ឡេម៉ាឆេ (Le Marche) និងតំបន់អ៊ីមីលីយ៉ា រ៉ូម៉ាណា (Emilia Romagna) របស់ប្រទេសអ៊ីតាលី ជាទីដែលភ្លើងសញ្ញាប្រកាសអាសន្នពណ៌ទឹកក្រូចត្រូវបានបញ្ចេញ ដោយសារតែបញ្ហាអាកាសធាតុនេះបានគំរាមកំហែងដល់មនុស្ស និងទ្រព្យសម្បត្តិ។ ប្រទេសស្លូវ៉ាគី និងអូទ្រីសក៏ត្រូវបានរងផលប៉ះពាល់ផងដែរដោយព្យុះព្រិល ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនី ហើយផ្លូវ និងសាលារៀនជាច្រើនត្រូវបានបិទនៅក្នុងតំបន់ខ្លះដូចជាតំបន់ការីនទីយ៉ា (Carinthia) ក្នុងប្រទេសអូទ្រីស ជាទីដែលលំនៅឋានប្រមាណ ៥.០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់៕
អត្ថបទ៖ សុខមាន