បាល់ទាត់៖ ក្លិប Bournemouth បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Nicolas Jackson ពីក្លិបអេស្ប៉ាញ Villarreal ក្នុងតម្លៃ ២៣លានអឺរ៉ូ។ Jackson ដែលអាចលេងតំបន់ខាងលើទាំង ៣តំណែង បានស៊ុតបញ្ចូលទី ៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ប្រកួតគ្រប់ក្របខណ្ឌរដូវកាលនេះជាមួយ Villarreal។
កីឡាករវ័យ ២១ឆ្នាំរូបនេះនឹងក្លាយជាសមាជិកទី២ ដែលមកកាន់ Bournemouth ក្នុងខែមករានេះ បន្ទាប់ពីការមកដល់របស់ Dango Ouattara តម្លៃ ២០លានផោនពីក្លិបបារាំង Lorient។ Nicolas Jackson បានចាប់ផ្តើមអាជីពនៅក្លិបសេណេហ្កាល់ Casa Sports មុនពេលផ្លាស់មកកាន់ Villarreal នៅឆ្នាំ២០១៩ តែបានត្រឹមលេងឱ្យក្រុមបម្រុង ហើយក៏ទទួលបានកៅអីក្រុមធំនៅខែតុលា ឆ្នាំ២០២១។ Jackson ក៏ជាសមាជិករបស់ក្រុមសេណេហ្កាល់នៅ World Cup 2022 កន្លងមកដែរ និងបានបង្ហាញខ្លួនពេលជួបហូឡង់។
Bournemouth ក្រោមការវិនិយោគដោយថៅកែថ្មីជាអ្នកជំនួញអាមេរិក Bill Foley កំពុងចំណាយលុយ ព្យាយាមយ៉ាងណាឱ្យក្លិបរក្សាខ្លួនផុតពីតំបន់គ្រោះថ្នាក់នៅក្របខណ្ឌ English Premier League។ Bournemouth បច្ចុប្បន្នឈរលេខ១៨ នឹងត្រូវទៅទឹកដី Brighton នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ៕
អត្ថបទ៖នាង សុភាវុធ