អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិកពីររូបបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើរការ ដែលនៅទីបំផុតនឹងបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams រាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន។

ការសម្រេចចិត្តបែបនេះរបស់សហរដ្ឋអាមេរិក ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនបញ្ជូនរថក្រោះ Abrams ទោះបីជាមានការទាមទារពីទីក្រុង Kyiv និងសម្ពាធសាធារណៈពីទីក្រុងប៊ែកឡាំងក៏ដោយ ខណៈខ្លួនប្រឈមនឹងការអំពាវនាវឱ្យបញ្ជូនរថក្រោះប្រយុទ្ធឡេភឺត (Leopard) ផលិតនៅអាល្លឺម៉ង់។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអង្គារបានសម្រេចបញ្ជូនរថក្រោះប្រយុទ្ធឡេភឺតជំនាន់ទី២ (Leopard 2) ទៅកាន់អ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតដូចជាប៉ូឡូញអនុវត្តដូច្នេះ។ ទីក្រុង Kyiv បានស្នើសុំអស់រយៈពេលជាច្រើនខែមកហើយ សម្រាប់រថក្រោះប្រទេសលោកខាងលិចដែលខ្លួននិយាយថា ត្រូវការយ៉ាងខ្លាំងសម្រាប់កងកម្លាំងចល័តរបស់ខ្លួន ដើម្បីវាយបំបែកខ្សែការពាររបស់រុស្ស៊ី និងដណ្តើមយកមកវិញទឹកដីដែលត្រូវបានចូលគ្រប់គ្រងនៅភាគខាងកើត និងខាងត្បូង។
ប្រភពមួយប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះឡេភឺតជំនាន់ទី២ (Leopard 2) ទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួយប្រយុទ្ធប្រឆាំងការវាយលុកចូលរបស់រុស្ស៊ី។ ទីក្រុង Kyiv អះអាងថា រថក្រោះប្រយុទ្ធទំនើបធុនធ្ងន់នឹងផ្តល់ឱ្យខ្លួននូវកម្លាំងបាញ់ និងការចល័តដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំង ក្នុងការដណ្តើមយកទឹកដីនៅភាគខាងកើត និងខាងត្បូងមកវិញ។ ថាតើត្រូវផ្គត់ផ្គង់រថក្រោះទាំងនោះឬអត់ បានគ្របដណ្ដប់លើកិច្ចពិភាក្សាក្នុងចំណោមសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ រថក្រោះឡេភឺតជំនាន់ទី២ (Leopard 2) ដែលផលិតដោយអាល្លឺម៉ង់ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាជម្រើសដ៏ល្អបំផុតដែលងាយស្រួលក្នុងការដាក់ពង្រាយ។ ប៉ុន្តែទីក្រុងប៊ែរឡាំងបានប្រុងប្រយ័ត្នចំពោះចំណាត់ការនេះ ដែលនឹងធ្វើឲ្យរុស្ស៊ីផ្ទុះសង្គ្រាមកាន់តែធំ។ កាលពីថ្ងៃអង្គារ ប្រទេសប៉ូឡូញបានបង្កើនសម្ពាធលើប្រទេសអាល្លឺម៉ង់ ដោយស្នើសុំជាផ្លូវការដើម្បីអនុញ្ញាតឱ្យនាំចេញរថក្រោះប្រយុទ្ធឡេភឺតជំនាន់ទី២ (Leopard 2) របស់ខ្លួនទៅកាន់អ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន