
ភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងប្រធានាធិបតីបារាំង បានសម្រេចសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ឡើងវិញ ក្រោយបំផ្លាញគ្មានសល់កាលពីឆ្នាំ១៩៧៥ ដោយរបបខ្មែរក្រហម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ឡើងវិញនៅសួនច្បារខាងមុខស្ថានទូតសាធារណរដ្ឋបារាំង ក្រោយមានការបំផ្លាញដោយរបបកម្ពុជាប្រជាធិបតេយ្យកាលពីឆ្នាំ១៩៧៥។
ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ នូវរូបសំណាក រូបពីរ ឬវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ឡើងវិញនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម Olivier - Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋរបស់កម្ពុជាជាច្រើនរូបទៀត នៅសួនច្បារមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ការសាងសង់វិមាននេះឡើងវិញ គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធរបស់យុទ្ធជនស្ម័គ្រចិត្តខ្មែរចំនួន ១៥១នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាមលោក ចន្លោះពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅប្រទេសបារាំង។
បន្ថែមពីលើនេះ សំណង់វិមានដែលនឹងលេចចេញជារូបរាងឡើងនាពេលខាងមុខ ជាការបង្ហាញនូវចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្ថែមថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជាស្តូបអនុស្សាវរីយ៍ រវាងទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ហើយអាជ្ញាធរបារាំង និងឥស្សរជនខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្ដូបនេះឡើងនៅទល់មុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ គឺដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១នោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅចំពោះមុខ ឯកឧត្តម អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងជំនួបឯវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ នៅទីក្រុងប៉ារីសថា សម្តេចបានអនុញ្ញាតឱ្យមានការសាងសង់វិមាននេះឡើងវិញ។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្តើមគំនិតក្នុងការសាងសង់វិមាននេះឡើងវិញ ដើម្បីជាការរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៧៩មក បានខិតខំ និងលើកតម្លៃនូវរាល់សមិទ្ធផលនានាដែលនៅសេសសល់ពីការកម្ទេចចោលរបស់ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងឱ្យកាន់តែរឹងមាំឋិតថេរយូអង្វែងតទៅ។
ឯកឧត្តម Olivier - Becht បានមានប្រសាសន៍ថា បារាំងទទួលបានជ័យជម្នះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ បារាំងមិនភ្លេចចំពោះអ្នកបានពលីក្នុងភ្លើងសង្គ្រាមនោះទេ។ ដូច្នេះហើយទើបអាជ្ញាធរបារាំង និងឥស្សរជន ខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្ដូបនេះឡើង ដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំងក្នុងការដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង។
សូមជម្រាបជូនថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ម៉ែត្រ គុណ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ម៉ែត្រ ដោយថ្នាក់ទី១ កម្ពស់ ១,១០ម៉ែត្រ លម្អរដោយសួនច្បារ រីឯថ្នាក់ទី២ កម្ពស់ ២,១០ ម៉ែត្រ និងថ្នាក់ទី៣ កម្ពស់ ៩,៣៧ ម៉ែត្រ មានបដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹកកន្ទួត ៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់ ១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ មានរូបសំណាកសត្វតោធ្វើអំពីលង្ហិន ចំនួន៤ រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិស តំណាងឲ្យឆ្មាំនៃអនុទិសទាំង៤៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា







