អន្ដរជាតិ៖ នៅថ្ងៃពុធនេះ ក្រុមឆ្មាំសមុទ្រកូរ៉េខាងត្បូង និងជប៉ុន កំពុងបន្តប្រតិបត្តិការរុករកនាវិកបាត់ខ្លួន ៩នាក់ ក្រោយសង្រ្គោះបានមនុស្ស ១៣នាក់ ពីនាវាដឹកទំនិញដែលបានលិចនៅតំបន់ភាគនិរតីប្រទេសជប៉ុន។ យន្តហោះ និងនាវា បានរុករកតាមតំបន់លាតសន្ធឹងចម្ងាយ ១១០គ.ម នៅភាគខាងលិចកោះ Danjo។ រូបភាពហ្វិកទទួលបានពីក្រុមឆ្មាំសមុទ្រកូរ៉េខាងត្បូង ឃើញនាវារបស់ពួកគេចូលរួមប្រតិបត្តិការជួយសង្រ្គោះនៅក្នុងសមុទ្រ។យោងតាមការអះអាងរបស់ក្រុមឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ពួកគេទទួលបានការហៅទូរស័ព្ទសុំជំនួយសង្រ្គោះបន្ទាន់ពីនាវាដឹកទំនិញ Jintian ចំណុះ ៦.៦៥១តោន ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង៕