
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លើកឡើងថា ការកំណត់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន មានភាពចាំបាច់ ដើម្បីបែងចែកការទទួលខុសត្រូវរបស់បុគ្គល។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរវាង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”។
នាឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងការកោតសរសើរចំពោះការបំពេញតួនាទីរបស់អ្នកសារព័ត៌មានគ្រប់រូប ដោយក្រោមការដឹកនាំរបស់ក្រសួងព័ត៌មាន បានគ្រប់គ្រងដោយជោគជ័យ ហើយមានលក្ខណៈពិសេសនោះ គឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល៣ឆ្នាំចុងក្រោយក្នុងបរិបទកូវីដ១៩ ដែលបានគ្រប់គ្រងបានយ៉ាងល្អនូវព័ត៌មានមិនពិត និងធ្វើឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត រហូតធ្វើឲ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលវ៉ាក់សាំងគ្រប់រូប។ ឯកឧត្តម បន្តថា ការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាននេះ បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញការទទួលខុសត្រូវចំពោះសង្គមជាតិ។
ឯកឧត្តម បញ្ជាក់ថា អ្នកសារព័ត៌មានត្រូវកសាងក្រមសីលធម៌ ពង្រឹងវិជ្ជាជីវៈឲ្យបានល្អ ហើយការផ្សព្វផ្សាយទាមទារឲ្យមានការទទួលខុសត្រូវ ប៉ុន្តែជាក់ស្តែងមានអ្នកសារព័ត៌មានមួយចំនួនក៏ទទួលស្គាល់ពីភាពចន្លោះប្រហោងនៃក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន ហើយក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន មានភាពចាំបាច់ គួរត្រូវបានអនុម័តឲ្យអនុវត្តក្នុងស្ថាប័នីតិប្រតិបត្តិ ដើម្បីបែងចែកពីការទទួលខុសត្រូវរបស់បុគ្គល។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ជាវិជ្ជាជីវៈសេរី ហើយក៏ជាសិទ្ធិមួយដែលធានាបានដោយរដ្ឋធម្មនុញ្ញ ដូច្នេះចំពោះកំហុសវិជ្ជាជីវៈអ្នកសារព័ត៌មានមិនអាចចាត់វិធានការណ៍ភ្លាមៗនោះទេ ដោយប្រើប្រាស់វិធានការអប់រំ ហើយលើសពីនេះតាមរយៈសមាគមនានាត្រូវចូលរួមសហការណែនាំ ដើម្បីបញ្ជៀសការដាក់បន្ទុកមកលើរាជរដ្ឋាភិបាលក្រោយពីមានវិធានការណាមួយទៅលើបុគ្គលនោះ។
ជាមួយគ្នានេះ ឯកឧត្តម សួស យ៉ារ៉ា បង្ហាញជំនឿថា តាមរយៈតម្លៃនៃវិស័យសារព័ត៌មាន គឺជាតម្លៃមួយដ៏សំខាន់ក្នុងសង្គម រួមជាមួយក្រោមការដឹកនាំរបស់ក្រសួងព័ត៌មាននឹងជំរុញឲ្យវិស័យមួយនេះដើរទន្ទឹមនឹងបរិបទបច្ចេកវិទ្យា ហើយស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសរដ្ឋសភា និងក្រសួងព័ត៌មាន បន្តពង្រឹងការឆ្លើយតបជូនប្រជាពលរដ្ឋទៅតាមសេចក្តីត្រូវការ និងសិទ្ធិសេរីភាព៕ អត្ថបទ៖ សេក ឧត្តម


