បន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បន្ទាប់ពីទឹកស្រកទៅវិញ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែង ស្តារជីវភាព និងការខូចខាតឡើងវិញ។
ក្នុងឱកាសបន្តបេសកកម្មសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងក្នុង ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រឹងប្រែងការស្ដារ ជីវភាព និងការខូចខាតហេដ្ឋារចនា សម្ព័ន្ធនានា ជាពិសេសសាលារៀន ត្រូវត្រួតពិនិត្យមើលឱ្យបានត្រឹម ត្រូវ ចៀសវាងមានការបែកបាក់បង្កគ្រោះថ្នាក់ដល់សិស្ស ពេលបើកសាលារៀនចូលសិក្សាឡើងវិញ។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ក្នុងចំណោមរាជធានីខេត្តចំនួន ១៩ ដោយសារជំនន់ទឹកភ្លៀង ដែលក្នុងស្ថានភាពដ៏គួរឱ្យអាណិតអាសូរនេះ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គណបក្សប្រជាជនកម្ពុជា អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ បាននឹងកំពុងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ មុត សុទ្ធ




