បាល់ទាត់៖ លោកស្រី Stephanie Frappart នឹងក្លាយជាមន្ត្រីអាជ្ញាកណ្តាលស្ត្រីដំបូង នៅការប្រកួតបុរសបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប។ លោកស្រី Frappart ត្រូវបានជ្រើសរើសជាមួយជំនួយការអាជ្ញាកណ្តាល រឺមន្ត្រីទី៤ ក្នុងការប្រកួត Euro ២០២០ ដែលលើកមក ២០២១ នេះ។
អាជ្ញាកណ្តាលបារាំងវ័យ ៣៧ឆ្នាំរូបនេះក៏បានក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងដែរ ដែលដឹកនាំការប្រកួតបុរស UEFA Champions League កាលពីខែធ្នូចុងឆ្នាំមុន។ កាលពីខែមីនាលោកស្រីក៏បានដឹកនាំការប្រកួតជំរុះ World Cup បុរសជាលើកដំបូងផងដែរ។ រំលឹកថា លោកស្រី Stephanie Frappart បានដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ស្ត្រីរវាងអាមេរិក និងហូឡង់កាលពីឆ្នាំ២០១៩ និងពាន UEFA Super Cup ផងដែរក្នុងឆ្នាំនោះរវាង Chelsea និង Liverpool។ ក្រៅពីនោះលោកស្រីក៏បានដឹកនាំការប្រកួតបុរសនៅក្របខណ្ឌបារាំង Ligue 1 និង UEFA Europa League ផងដែរ។ ការប្រកួត Euro ២០២០ ដែលលើកមក ២០២១ ដោយសារតែវិបត្តិ Covid-19 នេះនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនាតទៅ៕
អត្ថបទ៖នាង សុភាវុធ