ស៊ីហ្គេម៖ កិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម (CDM) លើកទី១ នៅកម្ពុជា បានដំណើរការយ៉ាងរលូនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយបានផ្ដល់នូវទំនុកចិត្តបន្ថែមទៀត សម្រាប់ម្ចាស់ផ្ទះកម្ពុជាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។
កិច្ចប្រជុំថ្ងៃដំបូងនៅសណ្ឋាគារហ្គាឌិនស៊ីធីនេះ មានការចូលរួមពីនាយបេសកកម្ម និងប្រតិភូគ្រប់បណ្ដាប្រទេសមាជិក ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនេះបានផ្ដើមជាមួយប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ច, ពិធីបើក-បិទ, ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, វេជ្ជសាស្ដ្រកីឡា និងដូភីង, ពិធីការ និងហ្គេមព័ត៌មានវិទ្យាជាដើម ដែលរាល់ការធ្វើបទបង្ហាញនីមួយៗសុទ្ធតែទទួលបានការគាំទ្រពីបណ្ដាប្រតិភូចូលរួម និងជាការផ្ដល់នូវភាពកក់ក្ដៅបន្ថែមទៀត សម្រាប់ប្រតិភូ និងអត្តពលិកទាំងអស់ដែលនឹងត្រូវមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាផងដែរ។
ទន្ទឹមជាមួយគ្នា នាយបេសកកម្មនៃប្រទេសសមាជិកបានសម្ដែងការសាទរ និងកោតសរសើរកម្ពុជាក្នុងការត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាក់ស្ដែងនាយបេសកកម្មវៀតណាម មីយ៉ាន់ម៉ា និងប្រ៊ុយណេជាដើមដែលបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងអាចធ្វើបាន ហើយទទួលបានជោគជ័យជាក់ជាពុំបាន ទោះបីជាការរៀបចំធ្វើម្ចាស់ផ្ទះលើកដំបូងយ៉ាងណាក៏ដោយ។ គួរដឹងថា កិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមនៅព្រឹកថ្ងៃដំបូង ក៏ដូចជាការចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ នាយបេសកកម្មទាំងអស់ក៏នឹងមានការធ្វើដំណើរទស្សនកិច្ច ទីលានប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួចនឹងបន្តទៅទស្សនកិច្ចទីលានប្រកួតនៅខេត្តព្រះសីហនុ មុនមាតុភូមិនិវត្តទៅកាន់បណ្ដាប្រទេសរៀងៗខ្លួនវិញនាថ្ងៃទី២៧ ខែមករាផងដែរ៕ អត្ថបទ៖ លី ឈុនឡា