រុស្ស៊ី៖ រុស្ស៊ីបានផ្ទុះកំហឹងកាលពីថ្ងៃពុធ ទី២៥មករា ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការអនុម័តបញ្ជូនរថក្រោះឡេភើតជំនាន់ទី២ ទៅឲ្យអ៊ុយក្រែន ដោយនិយាយថា ទីក្រុងប៊ែរឡាំងកំពុងបោះបង់ចោលទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះរុស្ស៊ី ដោយការរួចផុតពីឧក្រិដ្ឋកម្មរបបណាស៊ីនៅក្នុងសង្គ្រាមលោកលើកទី២។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅតាមបណ្ដាញ Telegram ថា ចំណាត់ការនេះគឺជាការបញ្ជាក់ទៅកាន់ការលូកដៃចូលពាក់ព័ន្ធរបស់អាល្លឺម៉ង់ ក្នុងសង្គ្រាមដែលរៀបផែនការទុកមុនប្រឆាំងនឹងរុស្ស៊ី។ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់បាននិយាយថា ការសម្រេចចិត្តដែលនឹងត្រួសត្រាយផ្លូវសម្រាប់សមាជិកណាតូមួយផ្សេងទៀត មានឱកាសបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ផងដែរនោះ នឹងធ្វើឲ្យជម្លោះដែលបានអូសបន្លាយរយៈពេល ១១ខែនៅអ៊ុយក្រែនរីករាលដាលកាន់តែខ្លាំងថែមទៀត ដែលទីក្រុង Moscow ចាត់ទុកថា ជាគ្រោះថ្នាក់ដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergei Nechayev បាននិយាយថា ការសម្រេចចិត្តដ៏គ្រោះថ្នាក់នេះ នឹងឈានដល់ការប្រឈមដាក់គ្នាដំណាក់កាលថ្មីមួយទៀត។ លោកបានបន្ថែមថា ការបញ្ជូនអាវុធធុនធ្ងន់នេះ នឹងបណ្ដាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិនអាចជួសជុលបានរវាងរុស្ស៊ី និងអាល្លឺម៉ង់៕
អត្ថបទ៖ សុខមាន