ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃនេះ បានដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជាពិសេស ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅថ្ងៃស្អែក។
តាមរយៈទំព័រសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា នេះ សម្ដេច នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំអា ស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃ ហើយ សម្ដេច នឹងវិលត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃដដែល។
សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា ពេលមកដល់កម្ពុជាភ្លាម សម្ដេច និងគណៈប្រតិភូ នឹងផ្ដល់សំ ណាក ដើម្បីពិនិត្យរកកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ដើម្បីធានាសុវត្ថិភាពសុខ ភាពទាំងអស់គ្នា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុង ឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន រំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រធានបទធំៗចំនួនបី គឺការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺរាតត្បាត កូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និង ការវិវត្ត នៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់ អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការបង្ការកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពល រដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំង អស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលកំពុង ត្រូវការជំនួយស្បៀងអាហារ។
សម្ដេចតេជោ បានធ្វើការ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធាន ការបង្ការកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕