វាយកូនបាល់៖ ជើងឯក ៩សម័យ Novak Djokovic បានបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៃព្រឹត្តិការណ៍ Grand Slam, Australian Open ក្រោយយកឈ្នះគូប្រកួតរុស្ស៊ី Ruben Rublev មិនលំបាក។

កីឡាករវ័យ ៣៥ឆ្នាំ Novak Djokovic នៅតែបន្តរុំជើងឆ្វេងរបស់ខ្លួនបញ្ជាក់ថា បញ្ហាភ្លៅរបស់គេនៅមិនទាន់ជាសះស្បើយ ១០០% នៅឡើយ ខណៈគូប្រកួតដែលប្រឈមគឺជាកីឡាករដែលមានលំដាប់ថ្នាក់ខ្ពស់បំផុតដែល Djokovic ជួបនៅ Australian Open ឆ្នាំនេះ។ យ៉ាងណាក្តី Djokovic ហាក់មិនបានបង្ហាញពីការលំបាកក្នុងការយកឈ្នះកីឡាករលំដាប់លេខ ៦ មកពីរុស្ស៊ីរូបនេះឡើយក្រោយយកឈ្នះ ៣សិតផ្ទួនៗ ៦-១ ៦-២ និង ៦-៤។ បាំងតែពីរប្រកួតទៀតប៉ុណ្ណោះ Novak Djokovic នឹងអាចក្លាយជាជើងឯក Australian Open ដើម្បីពន្លាតកំណត់ត្រា ១០លើកក្នុងអាជីព។ ការប្រកួតដណ្តើមកៅអីផ្តាច់ព្រ័ត្រ Djokovic នឹងត្រូវជួបជាមួយកីឡាករអាមេរិក Tommy Paul។
Tommy Paul បានក្លាយជាកីឡាករអាមេរិកដំបូងតាំងពីឆ្នាំ២០០៩ ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីកីឡាករវ័យ ២៥ឆ្នាំរូបនេះយកឈ្នះមិត្តរួមជាតិ Ben Shelton ដោយលទ្ធផល ៧-៦(៨-៦) ៦-៣ ៥-៧ និង ៦-៤។ បន្ទាប់ពីមានកីឡាករអាមេរិកដល់ទៅ ៣នាក់ឡើងមកដល់វគ្គ ៨នាក់ចុងក្រោយ Australian Open លើកដំបូងតាំងពីឆ្នាំ២០០០ Tommy Paul គឺជាកីឡាករទីអាមេរិក ១ ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open រាប់ពីឆ្នាំ២០០៩ ដែលធ្វើបានដោយ Andy Roddick និងជាកីឡាករទីអាមេរិក៣ ដែលនៅបន្តអាជីពបច្ចុប្បន្នឡើងទៅកាន់វគ្គ ៤នាក់ចុងក្រោយផងដែរបន្ទាប់ពី John Isner និង Frances Tiafoe៕
អត្ថបទ៖នាង សុភាវុធ