ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានហៅក្រុមសារព័ត៌មានអនឡាញ ដែលមានទាន់អនុវត្តវិជ្ជាជីវៈក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវនោះ មកអប់រំ ណែនាំបន្ថែម ដើម្បីឱ្យការការផ្សព្វផ្សាយព័ត៌របស់ពួកគេមានក្រមសីលធម៌ និងវិជ្ជាជីវៈ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC)។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការហួសចិត្តចំពោះករណីអ្នកសារព័ត៌មាន អនឡាញមួយចំនួនតូចក្នុងពេលថ្មីៗ បានអនុវត្តតួនាទីរបស់ខ្លួនហួសព្រំដែនវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដែលអាចបង្កផលប៉ះពាល់ទៅដល់ការងាររបស់សមត្ថកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ។
សម្ដេចតេជោ កាលពីជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាតកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញនូវពាក្យស្លោកដែរថា «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។ ការដាក់ពាក្យស្លោកនេះ គឺដើម្បីលើកកម្ពស់នូវការផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ៕
