វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ប៉ូឡូញ Magda Linette បានបន្តក្តីស្រមៃរបស់ខ្លួនដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងអាជីព បន្ទាប់ពីយកឈ្នះកីឡាការិនីឆេក Karolina Pliskova។ បច្ចុប្បន្នឈរលំដាប់ថ្នាក់លេខ ៤៥ ពិភពលោក Magda Linette មិនដែលឆ្លងផុតជុំទី៣ ឡើយរាល់ការចូលរួមការប្រកួត Grand Slam កន្លងមក។

តែលើកនេះកីឡាការិនីវ័យ ៣០ឆ្នាំរូបនេះបានយកឈ្នះបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ២លើក Karolina Pliskova ដោយលទ្ធផល ៦-៣ និង ៧-៥។ គូប្រកួតបន្តរបស់ Linette គឺកីឡាការិនីបេឡារុស Aryna Sabalenka ដែលបានយកឈ្នះកីឡាករក្រូអាស៊ី Donna Vekic ៦-៣ និង ៦-២។ Aryna Sabalenka នឹងបង្ហាញខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកទី៤ ក្នុងអាជីព។ Sabalenka និង Vekic មុនជួបគ្នា អ្នកទាំងពីរមិនដែលចាញ់ឡើយនៅក្នុងឆ្នាំ២០២៣ នេះ។
Donna Vekic ធ្លាប់បាននិយាយមុនការប្រកួតថា នាងធ្លាប់គិតចង់ចូលនិវត្តន៍ ២លើកបន្ទាប់ពីមានរបួសជង្គង់នៅឆ្នាំ២០២១។ សម្រាប់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតគឺជើងឯក ២សម័យ Victoria Azarenka នឹងត្រូវជួបជាមួយជើងឯក Wimbledon, Elena Rybakina៕
អត្ថបទ៖នាង សុភាវុធ