អេស្ប៉ាញ៖ អ្នកនាំពាក្យទីក្រុងបានប្រាប់សារព័ត៌មានរ៉យទ័រថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការចាក់ដោយដាវសាមូរ៉ៃលើមនុស្សជាច្រើននាក់ នៅព្រះវិហារពីរក្នុងទីក្រុងកំពង់ផែអាល់ជេស៊ីរ៉ាស់ (Algeciras) ភាគខាងត្បូងប្រទេសអេស្ប៉ាញបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួស។

អ្នកនាំពាក្យបាននិយាយថា បុរសដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថា បានកាន់កាំបិត ឬជាដាវសាមូរ៉ៃ តាមការចោទប្រកាន់ថា បានវាយប្រហារលើបុព្វជិតនៅវិហារពីរផ្សេងគ្នាក្នុងទីក្រុង Algeciras មានចម្ងាយប្រមាណ ៣០០ម៉ែត្រពីគ្នា។ អ្នកនាំពាក្យដដែលនិយាយថា អ្នកដែលស្លាប់គឺជាអ្នកថែរក្សានៅព្រះវិហារ។ ក្រសួងមហាផ្ទៃអេស្ប៉ាញនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការពិតកំពុងត្រូវបានស៊ើបអង្កេត និងវិភាគ ប៉ុន្តែវាមិនទាន់អាចកំណត់ពីលក្ខណៈនៃការវាយប្រហារនេះនៅឡើយទេ។
ប្រភពពីតុលាការបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា តុលាការកំពូលរបស់អេស្បាញមានផែនការស៊ើបអង្កេតករណីចាក់សម្លាប់ដោយកាំបិត ជាការវាយប្រហារភេរវកម្មដែលអាចកើតមាន។ យោងតាមរបាយការណ៍បឋមដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា បុព្វជិតសហគមន៍កាតូលិកស្ថិតក្នុងចំណោមអ្នករងរបួស ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សារព័ត៌មាន El Mundo បានរាយការណ៍ថា មនុស្ស ៤នាក់បានរងរបួសក្នុងការវាយប្រហារនេះ៕
អត្ថបទ៖ ប៊ុនថន