បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានបន្តស្ថិតិស៊ុតបញ្ចូលទីរាល់ការប្រកួតតាំងពីបញ្ចប់ World Cup បន្ទាប់ពីរកបានមួយគ្រាប់ទៀតក្នុងជ័យជំនះរបស់ក្រុមបិសាចក្រហម Manchester United លើក្រុមម្ចាស់ផ្ទះ Nottingham Forest ៣-០ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup រឺ Carabao Cup។

គ្រាប់បាល់មួយគ្រាប់របស់ Rashford គឺជាការអូសពីក្រោមមកម្នាក់ឯងញាក់ដាច់ខ្សែការពារ រហូតស៊ុតបញ្ចូលទីនាំមុខឱ្យ Manchester United តាំងពីនាទីទី៦ ដែលជាគ្រាប់ទី ១០ របស់គេតាំងពីចប់បេសកកម្មជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup និងជាគ្រាប់ទី៥ នៅ EFL Cup ផងដែរ។

គ្រាប់ទីពីររបស់ Manchester United ធ្វើបានដោយកីឡាករចំនូលថ្មី Wout Weghorst ខណៈ Bruno Fernandes ជាអ្នកសំរេចគ្រាប់ចុងក្រោយ។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅសប្តាហ៍ក្រោយនៅទឹកដី Old Trafford វិញម្តង ខណៈ Newcastle ទទួល Southampton នៅ St. James Park បន្ទាប់ពីជើងទី១ កាលពីយប់ថ្ងៃអង់គ្លេស Newcastle ឈ្នះនៅទឹកដី Southampton ១-០៕
អត្ថបទ៖នាង សុភាវុធ