ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺនៅតែជាគោលដៅនៃការឈានឡើងរបស់កម្ពុជា ទោះបីស្ថានភាពទៅមុខពិបាក និងមានបរិយាកាសស្មុគស្មាញក៏ដោយ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិកាឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះថា កម្ពុជាកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានសរសស្តម្ភចំនួន៣គឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់។
ឯកឧត្តម បន្តថា ចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ គឺនៅតែជាគោលដៅរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដែលបញ្ហានេះគឺជាការងារពិបាក បច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញថែមទៀត ក្នុងបរិយាកាសជារួម ទាំងពិភពលោក ទាំងក្នុងប្រទេស ដោយចោទជាបញ្ហាប្រឈមច្រើនដែលកម្ពុជាត្រូវតែពុះពារ ។
ចំណែកនៅឆ្នាំ ២០៥០ ក៏នៅតែជាគោលដៅនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ នេះជាមហិច្ឆតារបស់កម្ពុជា ដែលត្រូវការចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់។
ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ជុំវិញការគិតគូរនេះ ជាក់ស្តែងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០២២ ត្រូវបានពុះច្រៀក គិតគូរគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីដោះស្រាយរាល់កង្វល់អាទិភាព ក៏ដូចជាបញ្ហាប្រឈមដែលជួបប្រទះឆ្នាំ ២០២៣ នេះ ក៏ដូចជាក្នុងពេលមធ្យមទៅពេលខាងមុខ ធ្វើយ៉ាងណាឲ្យថវិកា និងក្របខ័ណ្ឌគោលនយោបាយ ឆ្លើយតបទៅនិងគោលដៅរបស់កម្ពុជា គឺការធានារបាននូវម៉ាក្រូសេដ្ឋកិច្ច កំណើន ការបែងចែកកំណើន ការទ្រទ្រង់ជីវភាពរបស់មនុស្ស និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ នេះ៕អត្ថបទ៖ សុន រ៉ាឌី