អាស៊ីបូព៌ា៖ អាកាសធាតុរដូវរងាត្រជាក់ខ្លាំងបានគ្របដណ្តប់នៅអាស៊ីបូព៌ា រយៈពេលពីរថ្ងៃជាប់គ្នាកាលពីថ្ងៃពុធដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅក្នុងប្រទេសជប៉ុន និងមានការប្រជែងគ្នាសម្រាប់ជើងហោះហើរចេញពីកោះរមណីយដ្ឋាន Jeju របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានការពន្យារពេលដោយសារព្យុះព្រិល។

ព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពត្រជាក់ខ្លាំងក្នុងកំណត់ត្រា បាននាំឱ្យមានការរំខានខ្លាំងនៅក្នុងប្រទេសជប៉ុន។ មន្ត្រីបាននិយាយថា បុរសម្នាក់បានស្លាប់នៅទីក្រុង Oita ភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីត្រូវដើមឈើរលំសង្កត់ និងស្លាប់ពីរនាក់ទៀតនៅក្នុងខេត្ត Niigata ភាគខាងជើងដែលកំពុងត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងអាកាសធាតុត្រជាក់នេះ។ ក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មបាននិយាយថា លំនៅឋានប្រហែល ៤០០ខ្នងនៅទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់ ដោយសារការខូចខាតខ្សែបណ្តាញអគ្គិសនីបណ្តាលមកពីដើមឈើបាក់រលំ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពរបស់ប្រទេសកូរ៉េខាងត្បូង ពុំបានរាយការណ៍ភ្លាមៗនោះទេអំពីការខូចខាត ឬអ្នករបួសពីសីតុណ្ហភាពក្រោមសូន្យ និងស្ថានភាពត្រជាក់ដល់កក ដែលបានប៉ះពាល់ភាគច្រើននៅក្នុងប្រទេសនេះចាប់តាំងពីថ្ងៃអង្គារមក។ ប៉ុន្តែយ៉ាងហោចណាស់ផ្លូវចំនួន៨ និងផ្លូវសមុទ្រចំនួន១០ នៅតែត្រូវបានបិទគិតត្រឹមរសៀលថ្ងៃពុធ។ លំនៅឋានប្រមាណ ១៤០ខ្នងនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ក្បែរនោះបានរាយការណ៍ថាបានគាំងទឹកម៉ាស៊ីន ឬបំពង់បង្ហូរទឹក ខណៈសីតុណ្ហភាពបានធ្លាក់ចុះប្រហែលពីដក ១៥ ទៅ ២០អង្សាសេនៅទូទាំងដីគោក៕
អត្ថបទ៖ ប៊ុនថន