វាយកូនគោល៖ អាជីពបាល់ទាត់របស់ Gareth Bale អាចនិយាយបានថាបញ្ចប់ ប៉ុន្តែអាជីពវាយកូនហ្គោលរបស់គាត់ប្រហែលជាទើបតែចាប់ផ្តើម។

អតីតតារាបាល់ទាត់វែល Real Madrid និង Tottenham ដែលបានប្រកាសចូលនិវត្តន៍កាលពីដើមខែនេះ បានបញ្ជាក់ថានឹងចូលរួមការប្រកួតវាយកូនគោលកម្មវិធី AT&T Pebble Beach Pro-Am នៅក្របខណ្ឌ PGA Tour នាពេលខាងមុខ។ Bale នឹងចូលរួមជាមួយតារាល្បីៗមួយចំនួនទៀតដែលប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងកីឡាករវាយកូនគោលអាជីពកំពូលមួយចំនួនរបស់ពិភពលោក។
Bale ស្រឡាញ់កីឡាវាយកូនគោលត្រូវបានគេស្គាល់យ៉ាងច្បាស់ ជាពិសេសអំឡុងពេលដែលគេនៅជាមួយ Real Madrid ជាកន្លែងដែលបានឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ដោយធ្លាប់បានបង្ហោះសារបែបឌឺដងមកកាន់ក្លិបនៅពេលស្ថិតក្រៅជម្រើស ១១នាក់មួយរយៈពេល។ ការប្រកួតកម្មវិធី AT&T Pebble Beach Pro-Am នឹងមានអ្នកចូលរួមចំនួន ១៥៦នាក់ចូលរួមដែលចាប់ពីថ្ងៃទី២ ដល់ទី៥ ខែកុម្ភៈ រួមជាមួយវត្តមានជើងឯក US Open, Matt Fitzpatrick និងកីឡាករលំដាប់លេខ ៣ ពិភពលោក Patrick Cantlay ជាដើម៕
អត្ថបទ៖នាង សុភាវុធ