
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា ទាំងវិស័យទេសចរណ៍ ការវិនិយោគពីបរទេស ដែលមានចិនជាដៃគូសំខាន់ និងទីផ្សារនាំចេញកសិផលរបស់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២៣ នេះថា ចិនបើកប្រទេសឡើងវិញ នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះចិនគឺជាដៃគូរដ៏ធំរបស់កម្ពុជា ម្ខាងគឺការអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរមាន ជាក់ស្តែងពាក់ព័ន្ធការវិនិយោគ មកដល់ពេលនេះ ៤២ ភាគរយ គឺមកពីចិន ក្នុងនោះ មានការវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម អចនទ្រព្យ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
ដូច្នេះ ការបើកឡើងនៃប្រទេសចិន គឺជាឱកាសមួយសម្រាប់កម្ពុជា ដែលនឹងអាចលំហូរទុនពីចិនមកកម្ពុជា ហើយការវិនិយោគមួយចំនួន ដែលមានគោលដៅនាំចេញទៅទីផ្សារអន្តរជាតិ ក៏អាចផ្ទេរពីចិនមកកម្ពុជា ហើយចិនក៏ជាទីផ្សាររបស់កម្ពុជាមួយដែរ គឺមានប្រមាណ ៦ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។ ហើយការបើកឡើងវិញនេះដែរ ក៏ជាឱកាសនៃការទាក់ទាញភ្ញៀវទេសចរណ៍ចិន ចូលមកកម្ពុជា ដែលនៅក្នុងឆ្នាំ២០២៣ នេះ កម្ពុជារំពឹងថា នឹងស្រូបយកភ្ញៀវទេសចរណ៍បានប្រមាណ ៤,៣លាននាក់ ក្នុងនោះ មានភ្ញៀវទេសចរណ៍មកពីប្រទេស មានចំនួន ២លាននាក់ផងដែរ។
ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ក្រៅពីការចូលរួមអភិវឌ្ឍន៍ខាងលើនេះ ចិនគឺជាប្រទេសមួយធំដែលបានផ្តល់ជំនួយ និងប្រាក់កម្ចីធំជាងគេផងដែរ ក្នុងនោះបំណុលចិនមានជាង ៤០ភាគរយ នៃកម្ចីរបស់កម្ពុជាសរុប។
ឯកឧត្តម បញ្ជាក់ថាបន្ថែមថា ពាក់ព័ន្ធប្រាក់កម្ចីនេះ កម្ពុជាបានយកទៅប្រើប្រាស់ចំគោលដៅ ជាពិសេសកន្លែងដែលមានកំណើន កន្លែងដែលធ្វើឲ្យសេដ្ឋកិច្ចត្រឡប់មកវិញ គឺធ្វើឲ្យការកម្ចីរបស់កម្ពុជាមិនវ័ណ្ឌករ ពោល គឺនៅក្នុងកម្រិតទាប ដោយសារការប្រើប្រាស់របស់រាជរដ្ឋាភិបាល មានការប្រយ័ត្នប្រយែងជាទីបំផុត៕ អត្ថបទ៖ សុន រ៉ាឌី