ស្នូកឃ័រ៖ ជើងឯកពិភពលោក ៣សម័យ Mark Selby ហាក់មិនមានការលំបាកឡើយក្នុងការរកជ័យជំនះដើម្បីឡើងជុំទី២ ការប្រកួតស្នូកឃ័រជើងឯកពិភពលោក ២០២១ នេះក្រោយយកឈ្នះកីឡាករដែលមកពីវគ្គជំរុះ Kurt Maflin ១០-១ហ្វ្រេម។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះក្នុងចំណោម ១០ហ្វ្រេមដែលឈ្នះនោះ ភាគច្រើនរកបានពិន្ទុមិនក្រោម ៥០ពិន្ទុឡើយក្នុងមួយឈើ។ ចំណែកកីឡាករលំដាប់លេខ ២៥ ពិភពលោក Kurt Maflin ហាក់បាត់បង់ម្ចាស់ការដោយបាត់បង់ពិន្ទុជាច្រើនហ្វ្រេម ហើយគួរតែឈ្នះបានពីរហ្វ្រមតែវាយកូនខ្មៅមិនចូលនៅគ្រាប់ចុងក្រោយ។ ជ័យជំនះនេះធ្វើអោយ Mark Selby ឡើងជុំទី២ វគ្គ ១៦នាក់ចុងក្រោយ ដោយនឹងត្រូវជួបជាមួយកីឡាករអៀកឡង់ខាងជើង Mark Allen។
ងាកមកការប្រកួតរបស់ Shaun Murphy បានវាយបកពីការនាំមុខរបស់ Mark Davis ៥-៣ រហូតយកឈ្នះវិញ ១០-៧ហ្វ្រេមយ៉ាងស្វិតស្វាញ។ កីឡាករវ័យ ៤៨ឆ្នាំ Mark Davis បានបង្ហាញខ្លួនក្នុងការប្រកួតជើងឯកពិភពលោកនេះលើកទី ១២ ក្នុងអាជីព ហើយក៏ជាការចាប់ផ្តើមបានល្អដែរបន្ទាប់ពីនាំមុខ ៥-៣ ក្នុងដំណាក់កាលដំបូង។ តែ Murphy ឆ្លើយតបវិញនៅដំណាក់កាលទី២ ដោយបានយកឈ្នះបន្តបន្ទាប់បូករួមទាំង ១ឈើ ១៣១ពិន្ទុ។ ជុំបន្ត Shaun Murphy នឹងត្រូវជួបជាមួយកីឡាករចិន Yan Bingtao ដែលជាជើងឯក Masters កាលពីដើមឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ