ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី អបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ដនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់គ្រិស្ដបរិស័ទទាំងប្រទេស និង ពិភពលោក និងអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ដនៅកម្ពុជា។
សម្តេចតេជោ ការជួបជុំគ្រិស្ដបរិស័ទនាពេកនេះ បង្ហាញឱ្យឃើញនៃការជឿជំនឿគ្រិស្ដសាសនានៅកម្ពុជា ក្រោមម្លប់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមានមោទនភាពដែលប្រជាពលរដ្ឋបានប្រកាន់ភ្ជាប់នូវសាសនាផ្សេងៗគ្នា ប៉ុន្ដែមានសាមគ្គីភាពគ្នាល្អ ដែលធ្វើឱ្យពិភពលោកកោតសរសើរ។
សម្តេចតេជោ បញ្ជាក់ថា គ្រប់សសនាទាំងអស់នៅកម្ពុជា រាប់ទាំងគ្រិស្ដសាសនាផង ត្រូវបានលុបបំបាត់ចោល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តែសាសនាទាំងអស់បានរស់រានមានជីវិតឡើងវិញ ដោយគុណបំណាច់៧មករា ឆ្នាំ១៩៧៩។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៧ មករា មិនមែនគ្រាន់តែរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រិស្ដសាសនាផងដែរ ដូច្នេះ យើងត្រូវ រួមគ្នា ថែរក្សា សន្ដិភាព។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជាក្រោមម្លប់ នៃសុខសន្តិភាព ហើយយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបាន ដែលជាមរតកមិនអាចកាត់ថ្លៃសម្រាប់សេរីភាព និងការអភិវឌ្ឍជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាមិនធ្វើឱ្យកម្ពុជាមានជម្លោះសង្គ្រាមសសនា និងសង្គ្រាមហែកហួរផ្សេងៗទៀតឡើយ ដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍ និងសុខុដុមបនីយកម្មជាតិ និងសាសនា។
សម្ដេចតេជោ បញ្ជាក់ថា កម្ពុជា គ្មានការបណ្ដេញអ្នកកាន់សាសនាណាមួយចេញពីកម្ពុជាឡើយ កម្ពុជាផ្ដល់សិទ្ធិគ្រប់យ៉ាងដល់ប្រជាពលរដ្ឋក្នុងការជ្រើរើសជំនឿលើសាសនាដែលខ្លួនជឿជាក់ ដើម្បីរក្សាសុខដុមណីយកម្មនៃសាសនា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភាពខុសគ្នា នៃជំនឿសាសនា មិនមែនជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសឡើយ ហើយបែរជាមានភាពងាយស្រួលទៅវិញទេ សម្រាប់ភាពចម្រុះ និងសេរីជំនឿសាសនា។
សម្តេចតេជោ ហ៊ុ ន សែន ប្រកាសថា ទោះជាគ្រិស្ដបរិស័ទនៅកម្ពុជាមាននិកាយផ្សេងៗគ្នាយ៉ាងណាក៏ដោយ តែភាពស្រុះស្រួលគ្នានៅតែបន្តកើតមាន។ សម្ដេចតេជោ បានណែនាំដល់ថ្នាក់ដឹកនាំគ្រិស្ដបរិស័ទ ជ្រើសរើសថ្នាក់ដឹកនាំឱ្យបានច្បាស់លាស់ក្នុងចំណោមនិកាយផ្សេងៗនៃគ្រឹស្ដសាសនា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការថ្លែងការណ៍ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ។








