អាមេរិក៖ ក្រសួងការងារបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការគ្មានការងារធ្វើប្រចាំសប្តាហ៍នៅសហរដ្ឋអាមេរិកបានធ្លាក់មកនៅត្រឹម ៥៤៧.០០០នាក់ ដែលជាអត្រាទាបថ្មីចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 បានបំផ្លិចបំផ្លាញទីផ្សារការងារកាលពីដើមឆ្នាំមុន។
យោងតាមរបាយការណ៍ចេញដោយមន្ទីរស្ថិតិការងារ នៃក្រសួងការងារបានឲ្យដឹងថា នៅក្នុងរយៈពេល ១សប្តាហ៍គិតត្រឹមថ្ងៃទី១៧ ខែមេសា ចំនួនពលរដ្ឋអាមេរិកដែលបានចុះបញ្ជីទទួលអត្ថប្រយោជន៍ ពីការគ្មានការងារធ្វើបានថយចុះចំនួន ៣៩.០០០នាក់ ពីរយៈពេលមួយសប្តាហ៍មុនដែលមានចំនួន ៥៨៦.០០០នាក់។ នេះគឺជាអត្រាគ្មានការងារធ្វើទាបបំផុត ចាប់តាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ពេលដែលអត្រាគ្មានការងារធ្វើមានចំនួន ២៥៦.០០០នាក់។ ដោយឡែកអត្រាគ្មានការងាររយៈពេល ៤សប្ដាហ៍បានធ្លាក់ចុះចំនួន ២៧.៧៥០នាក់ មកនៅត្រឹម ៦៥១.០០០នាក់។ របាយការណ៍ចុងក្រោយនេះដែរបង្ហាញថា ចំនួនប្រជាពលរដ្ឋដែលនៅតែបន្តទទួលយកអត្ថប្រយោជន៍ ពីការគ្មានការងារធ្វើក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី១០ ខែមេសាបានធ្លាក់ចុះចំនួន ៣៤.០០០នាក់ មកនៅត្រឹម ៣.៦៧លាននាក់។
ខណៈនោះដែរ ចំនួនប្រជាពលរដ្ឋសរុបដែលទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីទាំងអស់ទាំងកម្មវិធីរដ្ឋ និងសហព័ន្ធ សម្រាប់សប្ដាហ៍គិតត្រឹមថ្ងៃទី៣ ខែមេសា បានកើនចំនួន ៤៩១.៦៧៤នាក់ ឡើងដល់ ១៧.៤លាននាក់ ស្របពេលដែលប្រទេសមួយនេះបន្តដោះស្រាយ ផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19៕
អត្ថបទ៖ សារ៉ាត់