ហៃទី៖ ក្រុមបាតុករដែលខឹងសម្បារបានស្រែកនៅតាមដងផ្លូវក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ដោយបានបិទផ្លូវ និងបាញ់កាំភ្លើងទៅលើអាកាស ដើម្បីតវ៉ាប្រឆាំងការសម្លាប់មន្ត្រីនគរបាលដ៏ឃោរឃៅជាច្រើននាក់ ដោយក្រុមជនអន្ធពាលនៅហៃទីកាលពីសប្តាហ៍មុន។
សារព័ត៌មានបានរាយការណ៍ថា ទិដ្ឋភាពខឹងសម្បារបានផ្ទុះឡើងនៅក្នុងសង្កាត់ជិតខាងជាច្រើន នៃទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃព្រហស្បតិ៍ ហើយរនាំងនៃការដុតសំបកកង់រថយន្តត្រូវបានធ្វើឡើងនៅកណ្តាលទីក្រុង។ សារព័ត៌មានរាយការណ៍ថា ការដឹកជញ្ជូនសាធារណៈត្រូវបានរំខាន ហើយសាលារៀនជាច្រើនកន្លែងត្រូវបានបង្ខំឱ្យបិទទ្វារ។ ក្រុមបាតុករប្រដាប់អាវុធដែលធ្វើខ្លួនជាមន្ត្រីនគរបាល បានព្យាយាមចូលទៅក្នុងទីធ្លាគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី មុនពេលធ្វើដំណើរទៅកាន់ផ្លូវអាកាសយានដ្ឋាន។ អំពើហិង្សាដោយក្រុមជនអន្ធពាលបានកំពុងកើនឡើងទូទាំងទីក្រុង Port-au-Prince ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១ បង្កឱ្យមានអស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗ ហើយបានបង្កើតភាពខ្វះចន្លោះអំណាច។
អង្គការសហប្រជាជាតិបាននិយាយកាលពីខែវិច្ឆិកាថា ក្រុមជនអន្ធពាលប្រដាប់អាវុធបានគ្រប់គ្រងប្រហែល ៦០ភាគរយក្នុងរដ្ឋធានី ជាកន្លែងដែលពួកគេកំពុងប្រព្រឹត្តិអំពើឃាតកម្ម ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ពួកគេ និងធ្វើឲ្យប្រជាជនភ័យខ្លាច។ យោងតាមនគរបាលជាតិហៃទីបានឱ្យដឹងថា ក្រុមជនអន្ធពាលបានសម្លាប់មន្ត្រីនគរបាលយ៉ាងហោចណាស់ ១០នាក់កាលពីសប្តាហ៍មុន ខណៈនគរបាលម្នាក់ទៀតកំពុងបាត់ខ្លួន និងម្នាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើង៕
អត្ថបទ៖ ប៊ុនថន