បាល់ទាត់៖ កីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស អាចនឹងត្រូវទទួលការប្រកួតច្រើនប្រកួតទៀតនៅ Euro ២០២០ បន្ទាប់ពី UEFA ថា ទីក្រុងម្ចាស់ផ្ទះផ្សេងទៀតមិនច្បាស់លាស់ពីការរៀបចំរបស់ខ្លួន។ ទីក្រុង Dublin សាធារណរដ្ឋអៀកឡង់, ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ និងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ជាទីក្រុងបីដែលស្ថិតក្នុងមន្ទិលនៅឡើយមកដល់ពេលនេះ។

ទីក្រុង Dublin មានឈ្មោះទទួលចំនួន ៤ប្រកួតដែលអាចនឹងត្រូវផ្លាស់ប្ដូរទីតាំងប្រកួត ស្របពេលទីក្រុង Bilbao អាចនឹងត្រូវផ្លាស់មកកាន់ទីក្រុង Seville ដោយសារបញ្ហា Covid-19។ សំរាប់ Wembley ដែលនឹងទទួលរ៉ាប់រងនោះទំនងជាការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃក្រុមឈ្នះពីពូលរបស់ក្រុមជំរើសជាតិអង់គ្លេស។ ដូច្នេះប្រសិនអង់គ្លេសបានលេខ ១ ក្នុងពូល D ដែលរួមមានស្កុតឡេន ក្រូអាស៊ី និងឆេកនោះ ពួកគេនឹងជួបជាមួយក្រុមលេខ ២ ក្នុងពូល F ដែលគ្រោងនឹងធ្វើឡើងនៅ Wembley។ បញ្ហាដែលចោទសំរាប់ទីក្រុងខាងលើនោះគឺ UEFA បានដាក់កំណត់ឲ្យទីក្រុងម្ចាស់ផ្ទះ បើកឲ្យមានអ្នកទស្សនាយ៉ាងហោចណាស់ ២៥% ក្នុងកីឡដ្ឋាន។
ទីក្រុង Munich ប្រទេសអាល្លឺម៉ង់មកដល់ពេលនេះ ក៏មិនទាន់បានអះអាងពីការធានារបស់ខ្លួននៅឡើយ ខណៈរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់មួយនេះ ត្រូវទទួលការប្រកួតក្នុងពូល F បីប្រកួត និងវគ្គ ៨ក្រុមចុងក្រោយមួយប្រកួត។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro ២០២០ ត្រូវបានលើកមួយឆ្នាំមកដល់ឆ្នាំ២០២១ នេះដោយសារបញ្ហា Covid-19 ខណៈការប្រកួតមានសរុប ២៤ក្រុមចូលរួម និងសរុបទាំងអស់ ៥១ប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា៕
អត្ថបទ៖នាង សុភាវុធ