សៀមរាប៖ ក្រុមប្រតិបត្ដិករទេសចណ៍ និងសហព័ន្ធស្រូវអង្ករ បានចាប់ផ្ដើមកម្មវិធីបុណ្យអង្ករ លើកទី៥ និងជាលើកទី១ សម្រាប់ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ អង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក និងផ្សព្វផ្សាយពីសក្តានុពលអង្ករកម្ពុជាដែលគេចាទ់ទុក ជាមាស សកម្ពុជា។ ពិធីនេះធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ខេត្ដសៀមរាប។
លោក សែតកៅ ហ្វីលីព ប្រធានសមាគមន៍ក្លិបទេសចរណ៍ខេត្តសៀមរាប លើកឡើងថា បុណ្យអង្ករ ជាព្រឹត្តិការណ៍ដ៏គួរឲ្យមានមោទកភាព នៅលើទឹកដីខេត្តខេត្តសៀមរាប។ លោកបន្តថា ព្រឹត្តិការណ៍អបអរសាទរអង្ករកម្ពុជា ទទួលបានជ័យលាភីគុណភាពល្អដាច់គេលើពិភពលោកនៃឆ្នាំ២០២២ ពេលនេះធ្វើឡើងដើម្បីចូលរួមអបអរសាទ និងលើកស្ទួយកិត្យានុភាព វិស័យស្រូវអង្ករកម្ពុជាឲ្យកាន់តែល្បីរន្ទឺ ជាមាស ស កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលត្រូវបានចាត់ទុកថា ជាមាសបៃតងរបស់កម្ពុជា ក្នុងនោះក៏មានការចូលរួមគាំទ្រ ផ្សព្វផ្សាយធំទូលាយតាមរយៈកញ្ញាឯក ភពផែនដីអន្តរជាតិចំនួន ២៦ប្រទេសផងដែរ។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា វិស័យស្រូវអង្ករនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ បាននាំចេញអង្ករក្នុងឆ្នាំកន្លងទៅចំនួនជាង ៦៣ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលសរុបទាំងការនាំចេញអង្ករ និងស្រូវបានទឹកប្រាក់សរុប ប្រមាណជាង ១ ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។
លោកបញ្ជាក់ថា អង្ករម៉ាកម្លិះអង្គរ គឺជានិមិត្តសញ្ញានៃការផ្សារភ្ជាប់រវាងពាក្យអង្គរ និងអង្កររបស់កម្ពុជា ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងនៃកម្ពុជា ការរីកចម្រើននៃវិស័យស្រូវអង្ករ គឺផ្តើមចេញអំពីនិមិត្តរូបនៃប្រព័ន្ធធារាសាស្ត្រ នាសម័យអង្គរខ្វាត់ខ្វែងរបស់ទីក្រុងយសោធរបុរះនាសម័យបុរាណ និងការីកចម្រើនថ្មីនៃប្រព័ន្ធធារាសាស្ត្រនា សម័យបច្ចុប្បន្ន។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការរៀបចំកម្មវិធីបុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ប្រទេសនាពេលនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ដែលជួយបំពេញឱ្យគ្នាទៅវិញទៅមក ក៏ដូចជាបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យស្រូវអង្ករកម្ពុជា ឱ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើង៕
អត្ថបទ៖ ឈិត សាវី











