ពោធិ៍សាត់៖ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ រួមមាន៖ ការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការដំឡើងបំពង់បូមទឹកឆៅ និងបំពង់ចែកចាយទឹកស្អាត មកដល់ពេលនេះសម្រេចបានជាង៦០ភាគរយ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះគឺមានតម្លៃ ២១,៩លាន ដុល្លារសហរដ្ឋអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា ហៅកាត់ថា(JICA) បានបើកការដ្ឋានសាងសង់នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ចំពោះការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត គឺប្រើបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនរបស់ប្រទេសជប៉ុនទាំងអស់ ហើយរោងចក្រនេះមានទីតាំងស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយក្នុង១ថ្ងៃអាចផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រត្រីគុណ(ម៉ែត្រគុប) ដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ។
ទំនាក់ទំនងកិច្ចសហប្រត្តិបត្តការល្អរវាង ជប៉ុន និងកម្ពុជា ដោយបានពង្រីកដល់វិស័យជាច្រើន ហើយរាល់កិច្ចការទាំងអស់សុទ្ធតែទទួលបានលទ្ធផលដ៏ធំធេង។ ជាក់ស្តែងនេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ ដែលរដ្ឋាភិបាលជប៉ុន ផ្តល់ដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ កាលពីឆ្នាំ២០១៤ ៕ អត្ថបទ៖ ភិរុណ ពៅ



