សៀមរាប៖ ប្រជាពលរដ្ឋនៅឃុំសំរោងយា ស្រុកពួក បានសម្ដែងការសប្បាយចិត្ដក្រោយ ក្រោយទទួលបានមេគោចិញ្ចឹម និងមានសមិទ្ធផលជាច្រើនទៀត ដូចផ្លូវថ្នល់សាលារៀន អគារផលិតនំបុ័ង ដើម្បីជួយសម្រាលដល់ជីវភាពរបស់ពួកគាត់។
លោក ឡាច សឿន មេឃុំសំរោងយា បានឲ្យដឹងនៅក្នុងពិធីប្រគល់មេគោដល់ប្រជាពលរដ្ឋថា មេគោពូជទាំង០៧ក្បាល ដែលសប្បុរសជនប្រទេសកូរ៉េបានជួយប្រជាពលរដ្ឋនេះ គឺបានធ្វើឡើងនៅលើកទី១ ចំនួន០៥ក្បាល ដល់ប្រជាពលរដ្ឋប្រាំគ្រួសារ និងលើកទីពីរ មេគោពូជចំនួន០២ក្បាលបន្ថែមទៀត សម្រាប់ពលរដ្ឋ០២គ្រួសារ ដែលមេគោពូជទាំងនោះបានមកពីការជួយរបស់សប្បុរសជនសមាគមអភិវឌ្ឍន៍ភូមិថ្មី យ៉ាំងផ្សុង ឡូថារី តាមរយៈអង្គការដាអ៊ីល។
លោកមេឃុំបានបន្ដថា ចាប់តាំងពីឆ្នាំ២០១២មក អង្គការដាអ៊ីលនៃប្រទេសកូរ៉េខាងត្បូង បានចូលមកជួយអភិវឌ្ឍន៍ក្នុងឃុំមួយនេះ បានយ៉ាងច្រើន ដូចជាការជួយសាងសង់ផ្លូវបេតុង ផ្លូវក្រាលដី ស សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ និងអគារផលិតនំបុ័ងជាដើម។តំណាងឱ្យប្រជាពលរដ្ឋដែលបានពូជគោចិញ្ចឹមបានសម្ដែងការសប្បាយចិត្ដ ដោយសន្យាថា នឹងខិតខំថែរក្សាមេគោទាំងនោះឱ្យបានផលនៅថ្ងៃខាងមុខ។ពួកគាត់ បានសម្ដែងការដឹងគុណចំពោះម្ចាស់ជំនួយនៃអង្គការដាអ៊ីលផងដែរ។
តំណាងសមាគមអភិវឌ្ឍន៍ភូមិថ្មី យ៉ាំងផ្សុង ឡូថារី ប្រទេសកូរ៉េ លោក យិន ខ្វាន់ស៊ូ បានលើកឡើងថា លោកពិតជារីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសនៅឃុំសំរោងយានេះ។
លោកថា ការផ្តល់ជូននូវមេគោពូជជូនប្រជាពលរដ្ឋមិនបញ្ចប់ត្រឹមនេះទេ គឺសមាគមនឹងស្វះស្វែងរកជំនួយបន្ថែមទៀតក្នុងការជួយប្រជាពលរដ្ឋក្រីក្រ។លោកបន្ថែមថា ការផ្ដល់ពូជមេគោនេះ បង្ហាញពីការចងមិត្ដភាពប្រជាពលរដ្ឋ រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និតបន្ថែមទៀត៕