
ស្វាយរៀង: នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបន្តយាងចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា រចនាសម្ព័ន្ធ ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចប្រមាណជាង ៣៥០នាក់ ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
មានព្រះបន្ទូលក្នុងពិធីនោះ ព្រះអង្គម្ចាស់ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណកម្មាធិការប្រតិបត្តិខេត្ត ស្រុក ឃុំក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានបូជាពលីកម្ម គ្រប់បែបយ៉ាង ក្នុងការបំរើគណបក្ស និងបានដង្ហែគ្រប់ជំនាន់តាំងពីព្រះបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច គឺសម្តេចព្រះបរមរតនកោដ្ឋ និងបានចូលរួមយ៉ាងសកម្មជាមួយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នាពេលកន្លងមក។
ជាមួយគ្នានោះដែរព្រះអង្គម្ចាស់ ព្រះប្រធានគណបក្ស ក៏បានប្រកាសស្វាគមន៍ យ៉ាងកក់ក្តៅផ្ញើជូនអ្នករាជានិយម សីហនុនិយម មករួមរស់សារជាថ្មី សាមគ្គីគ្នា កសាងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ឲ្យមានភាពថ្កុំថ្កើនឡើងវិញផងដែរ៕






