
ត្បូងឃ្មុំ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយសកម្មភាពមនុស្សធម៌នេះ គឺបាននិងកំពុងធ្វើជូនដល់បងប្អូនគ្រប់រាជធានី-ខេត្តទាំងអស់។
ថ្លែងនៅក្នុងឱកាសដឹកនាំក្រុមការងារព្យាបាលដល់បងប្អូនប្រជាពលរដ្ឋនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្រោយពីជំងឺកូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះថាមានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ទៀតថា នេះជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤,០០០នាក់ ក្នុងនោះ ករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៥ ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕ អត្ថបទ: បាន ចក់












