
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងតរៀងទៅ ខណៈបច្ចុប្បន្ននេះកម្ពុជាមានវត្តមានសាសនាច្រើនតែប្រកបដោយភាពសាមគ្គីគ្នាក្រោមម្លប់សន្តិភាពតែមួយនោះ។
ថ្លែងនៅក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣) នៅរាជធានីភ្នំពេញនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន ផ្តល់សិទ្ធិពេញលេញទាំងអស់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គោរព និងប្រតិបត្តិសាសនា ដែលខ្លួនស្រលាញ់ ថ្វីត្បិតសព្វថ្ងៃរាជរដ្ឋាភិបាលបានចាត់ទុកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋយ៉ាងណាក៏ដោយនោះ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបាន គឺអាស្រ័យលើកត្តាចម្បងពីរយ៉ាង ដូចជាចំណុចទី១ គឺការបើកចំហរនៃសហគមន៍សាសនានីមួយៗ ដោយទាំងថ្នាក់ដឹក និងសាសនិកជនទាំងអស់ ប្រកាន់នូវគោលជំហរទន់ភ្លន់ មិនចង្អៀតចង្អល់ ព្រមទាំងប្រតិបត្តិខ្ជាប់ខ្ជាប់នូវការបង្រៀនរបស់ព្រះតាមរយៈព្រះគម្ពីជាអាទិភាពចម្បងបំផុត នៅក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ជាពិសេសការចែកចាយសេចក្តីស្រលាញ់ និងការប្រតិបត្តិនូវអំពើជាកុសលល្អដល់ជនទាំងទ្បាយទាំងពួង។
ចំណុចទី២ គឺការផ្តល់សិទ្ធិស្មើភាពគ្នារបស់រាជរដ្ឋាភិបាលទៅដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសខ្លួន ដែលជាកត្តាចម្បងក្នុងការនាំមកនូវភាពជឿទុកចិត្ត ការគោរពស្រលាញ់ និងការយោគយល់អធ្យាស្រ័យគ្នា ដោយបង្កើតបានជាបរិស្ថានសុខដុមរមនានៅក្នុងសង្គមជាតិទាំងមូល។
ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងតរៀងទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការប្រារព្ធពិធីមរតកដំណឹងល្អខួប ១០០ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់គ្រិស្ទសាសនិកជននៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណដល់ព្រះយេស៊ូគ្រិស្ទ និងដើម្បីសម្ដែងនូវការដឹងគុណចំពោះបេសកជនមកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩២៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួនស្របតាមកាលៈទេសៈជាច្រើនដែលប្រទេសកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក។
ឯកឧត្តម បានលើកឡើងទៀតថា ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជា មានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនាជាដរាបតទៅ៕ អត្ថបទបាន ចក់







