ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣.១៨៩នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ។
លោកជំទាវ បានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣។
លោកជំទាវ បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។
លោកជំទាវ ក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ១-ត្រូវបន្តការសិក្សាពេញមួយជីវិត។ ២-ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ។ ៣-ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម។ ៤-ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង។៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត ៦-ត្រូវចេះតបស្នងគុណ៕









